(អង់ដូរ៉ាឡាវ៉ាឡា)៖ អគ្គីភ័យមួយ បានឆាបឆេះឡើង នៅឯពហុកីឡដ្ឋានជាតិរបស់អង់ដូរ៉ា ២ថ្ងៃមុនពេលប្រទេសមួយនេះ គ្រោងនឹងធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមភ្ញៀវអង់គ្លេស ក្នុងការប្រកួតជម្រុះ World Cup ក្នុងពូល I, នេះបើយោងតាមសារព័ត៌មាន Sky Sports ចេញផ្សាយនាយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១នេះ។

សារព័ត៌មាន Sky បានបង្ហោះវីដេអូ ដែលបានបង្ហាញថា បង្គោលបញ្ជូនសញ្ញាទូរទស្សន៍ នៅទីលានប្រកួត ស្ថិតក្រោមអណ្តាតភ្លើង និងផ្សែងខ្មៅយ៉ាងខ្លាំង។

មិនមានសេចក្តីរាយការណ៍ ស្តីពីអ្នករងរបួសនោះទេ, ប៉ុន្តែអគ្គីភ័យនេះ មានការព្រួយបារម្ភថា ការប្រកួតនៅថ្ងៃអាទិត្យសប្តាហ៍នេះ អាចប៉ះពាល់ ដោយសារអណ្តាតភ្លើង បានឆេះលើផ្នែកខាងស្តាំ នៃវាលស្មៅសិប្បនិម្មិត របស់ពហុកីឡដ្ឋាន។

សារព័ត៌មាន Sky បានបន្ថែមថា ក្រុមមន្ត្រីពន្លត់អគ្គីភ័យ បានទៅដល់ពហុកីឡដ្ឋាន នឹងបានគ្រប់គ្រងអគ្គីភ័យបានហើយ ប៉ុន្តែបង្គោលបញ្ជូនសញ្ញាទូរទស្សន៍ បានខូចខាតយ៉ាងខ្លាំង, ដែលអាចប៉ះពាល់ដល់ការផ្សព្វផ្សាយ នៃការប្រកួត។

ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិអង់គ្លេស បានធ្វើការហ្វឹកហាត់ នៅពហុកីឡដ្ឋាន ដែលមានសមត្ថភាពផ្ទុកអ្នកទស្សនា បាន៣,៣០០នាក់នេះ ៣ម៉ោងមុនពេលអគ្គីភ័យឆាបឆេះឡើង។

ភ្លាមៗនេះ មិនទាន់មានការបញ្ជាក់ច្បាស់ ពីមូលហេតុដែលបណ្តាលឲ្យអគ្គីភ័យឆាបឆេះឡើងនោះទេ៕