(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបកោះហ្គាំ នាវេលាម៉ោង ១២៖៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែតុលាយប់នេះ នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន។ នេះគឺជាជំនួបជើងទី១ ក្នុងវគ្គជម្រុះពានរង្វាន់ AFC Asian Cup China 2023 Qualifiers (Play-Off) ខណៈជើងទី២ ក្រុមទាំងពីរនឹងជួបគ្នានាថ្ងៃទី១២ ខែតុលាសប្ដាហ៍ក្រោយ។

ក្រុមគោព្រៃកម្ពុជាមានពេល ៣ថ្ងៃប៉ុណ្ណោះសម្រាប់ការប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតដ៏សំខាន់ខាងលើ ក្រោមការដឹកនាំផ្ទាល់របស់លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា និងគ្រូបង្គោលលោក Ryu Hirose បន្ទាប់ពីប្រតិភូ គ្រូបង្វឹក និងកីឡាករទាំងអស់ បានធ្វើដំណើរទៅដល់ប្រទេសបារ៉ែនកាលពីព្រឹកថ្ងៃទី០៦ ខែតុលាកន្លងទៅ។

មុនចាប់ឆ្នោតជួបគ្នាក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ជើងឯកទ្វីបអាស៊ីនេះ ក្រុមទាំងពីរធ្លាប់ជួបគ្នា ២លើកមកហើយ លើកទី១ ជួបគ្នាក្នុងពានរង្វាន់ AFC Challenge Cup 2006 កម្ពុជាបានយកឈ្នះកោះហ្គាំ ៣-០ និងលើកទី២ ជួបគ្នាលក្ខណៈមិត្តភាពអន្ដរជាតិនៅពហុកីឡដ្ឋានជាតិកាលពីឆ្នាំ២០១៣ កម្ពុជា បានចាញ់កោះហ្គាំ ២-០ វិញ។ ដូច្នេះចាំមើលយប់នេះ តើកម្ពុជា ឬកោះហ្គាំ នឹងទទួលបាន ៣ពិន្ទុ?

គួរដឹងថា បន្ទាប់ពីចប់បេសកកម្មលើទឹកដីបារ៉ែន កីឡាករអាយុលើស ២៣ឆ្នាំ នឹងត្រូវត្រឡប់មកមាតុភូមិវិញ ប៉ុន្ដែកីឡាករអាយុក្រោម ២៣ឆ្នាំ នឹងត្រូវបន្ដដំណើរទៅប្រទេសជប៉ុន ដើម្បីចូលរួមការប្រកួតជម្រុះពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022–Qualifiers ពូល K ដោយក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា ត្រូវជួបហុងកុង នាថ្ងៃទី២៣-តុលា និងជួបម្ចាស់ផ្ទះជប៉ុននាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ខាងមុខ៕