(តូក្យូ)៖ ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំរបស់តៃវ៉ាន់ TSMC និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ជប៉ុន Sony Group Corp បាននិងកំពុងពិចារណារួមគ្នាសាងសង់រោងចក្រផលិតបន្ទះឈីបនៅប្រទេសជប៉ុន ដោយរដ្ឋាភិបាលបានត្រៀមចំណាយសម្រាប់ការវិនិយោគប្រមាណ ៨០០ពាន់លានយ៉េន (៧.១៥ ពាន់លានដុល្លារ)។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា រោងចក្រផលិតបន្ទះឈីបនេះគ្រោងនឹង សាងសង់នៅតំបន់ Kumamoto ភាគខាងត្បូងនៃប្រទេសជប៉ុន ដោយក្នុងនោះត្រូវបានគេរំពឹងថា នឹងផលិតឧបករណ៍អេឡិចត្រូនិកសម្រាប់ រថយន្ត, ឧបករណ៍ចាប់សញ្ញារូបភាពសម្រាប់កាមេរ៉ា និងផលិតផលជាច្រើនផ្សេងទៀត។

រោងចក្រមួយនេះប្រហែលជាអាចនឹងចាប់ផ្ដើមដំណើរការនៅឆ្នាំ ២០២៤ ដើម្បីដោះស្រាយបញ្ហាកង្វះបន្ទះឈីបជាសកលដែលធ្វើឱ្យក្រុមហ៊ុន ជាច្រើនខាតបង់ និងរហូតឈានដល់ការបិទរោងចក្រថែមទៀតផង។

ពាក់ព័ន្ធនឹងគម្រោងនេះមិនត្រូវបានខាងក្រុមហ៊ុន TSMC និង Sony បង្ហើបឱ្យដឹងពីព័ត៌មានលម្អិតឡើយ ប៉ុន្តែក្រុមហ៊ុន TSMC ដែលជា អ្នកផ្គត់ផ្គង់បន្ទះឈីបមួយដ៏ធំរបស់ Apple ធ្លាប់បាននិយាយកាលពីពីខែកក្កដាកន្លងទៅនេះថា ខ្លួនមានគម្រោងធំមួយក្នុងការបង្កើតរោងចក្រ នៅក្នុងប្រទេស។

TSMC ត្រូវបានគេមើលឃើញថាកំពុងតែជួបបញ្ហាទៅលើសង្វាក់ផលិតកម្មនៅក្នុងកោះតៃវ៉ាន់ ដោយសារតែមិនអាចផលិតទៅតាមតម្រូវការរបស់អតិថិជន និងទីផ្សារបាន ខណ:ដែលចិនមិនមែនជាកន្លែងដ៏ល្អសម្រាប់ការបង្កើត រោងចក្រ ថ្មី របស់ខ្លួនឡើយ។

គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលជប៉ុនបានបង្ហាញក្ដីបារម្ភពីសង្វាក់ផលិតកម្ម និងការផ្គត់ផ្គង់ ខណ:ដែលបញ្ហាកង្វះបន្ទះឈីបបានធ្វើឱ្យ ការផលិត រថយន្តនៅក្នុងប្រទេសជប៉ុនត្រូវបានកាត់បន្ថយ និងមិនអាចបំពេញទៅតាមតម្រូវការទីផ្សារបាន៕