(អាមេរិក)៖ អតីតបុគ្គលិកជាន់ខ្ពស់មួយរូបរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple នៅពេលនេះកំពុងតែស្ថិត ក្រោមការស៊ើបអង្កេតពាក់ព័ន្ធនឹងការលួចឯកសារសម្ងាត់របស់ក្រុមហ៊ុន និងធ្វើឱ្យបែកធ្លាយព័ត៌មានទៅដល់ប្រព័ន្ធផ្សព្វផ្សាយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Apple Insider នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១។

ក្រុមហ៊ុន Apple កាលពីខែមីនាកន្លងទៅនេះ បានដាក់ពាក្យប្ដឹងលោក Simon Lancaster អតីតប្រធានផ្នែកផ្គត់ផ្គង់សម្ភារៈ ដោយបានចោទប្រកាន់ថា បានលួចយកឯកសារសម្ងាត់របស់ក្រុមហ៊ុន និងធ្វើឱ្យបែកធ្លាយ នូវព័ត៌មានផលិតផលថ្មី ដែលមិនទាន់ប្រកាសបង្ហាញទៅដល់ដៃអ្នកសារព័ត៌មាន និងបានសហការ ជាមួយអ្នកសែតក្នុងការចេញផ្សាយអត្ថបទដែលនិយាយអំពីផលិតផលថ្មីនោះទៀតផង។

បច្ចុប្បន្ននេះ លោក Simon Lancaster ត្រូវបានតុលាការបញ្ជាក់ថាកំពុងស្ថិតក្រោមការស៊ើបអង្កេតក្នុងកម្រិតទោសព្រហ្មទណ្ឌ ប៉ុន្តែត្រូវបានខាងមេធាវីរបស់លោកបានស្នើសុំមកនៅត្រឹមទោសរដ្ឋប្បវេណីវិញ ព្រោះថាវាមានកម្រិតស្រាល នោះទេ។

នៅក្នុងពាក្យបណ្ដឹងរបស់ក្រុមហ៊ុន Apple បានបញ្ជាក់ថា លោក Simon Lancaster គឺបានលួច និងប្រមូលឯកសារ សម្ងាត់ជាច្រើនដែលពាក់ព័ន្ធនឹងទៅគម្រោង Project X របស់ Apple ថែមទៀតផង ជាពិសេសគឺលោក Simon Lancaster មានផែនការបង្កើតក្រុមហ៊ុន Startup ថ្មីមួយដោយខ្លួនឯង ដែលវាជាគម្រោងរបស់ Apple ដែលលោកលួចបាន៕