(តាកែវ)៖ តារាសម្តែងជើងចាស់ជំនាន់ លោក ទេព រិនដារ៉ូ គឺលោក សម តារាវុទ្ធី ដែលល្បីឈ្មោះក្នុងទសវត្ស ៨០ និង ៩០ ត្រូវបានមហាជនដឹងថា បានបាត់មុខពីវិស័យសិល្បៈរាប់សិបឆ្នាំមកហើយ ខណៈអ្នកខ្លះក៏យល់ច្រឡំថា លោកកំពុងរស់នៅក្រៅប្រទេស តែតាមពិតលោកសំងំរស់នៅជាមួយជីវភាពយ៉ាងលំបាកនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។ ជាក់ស្តែង នាពេលនេះមានដំណឹងមកថា លោក សម តារាវុទ្ធី កំពុងធ្លាក់ខ្លួនឈឺធ្ងន់ ដោយសារជំងឺធ្ងន់ធ្ងរជាច្រើនមុខ។

បើតាមការបញ្ជាក់ពីប្អូនស្រីបង្កើតរបស់លោក សម តារាវុទ្ធី បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងយ៉ាងដូច្នេះថា បងប្រុសរបស់ខ្លួន គឺលោក សម តារាវុទ្ធី កំពុងធ្លាក់ខ្លួនឈឺធ្ងន់ ដោយលោកមានជំងឺ មហារីកខួរក្បាល ជំងឺសួត និងរបេង ដែលបានឈឺជំងឺទាំងនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែលោកបានលាក់បាំងមិនឲ្យក្រុមគ្រួសារដឹង ដោយសារគិតថា គ្រួសារគ្មានសមត្ថភាព។ ទាល់តែដល់កម្រិតធ្ងន់ ទើបក្រុមគ្រួសារដឹង ហើយក៏ជូនទៅមន្ទីរពេទ្យ ប៉ុន្តែដល់ដំណាក់កាលធ្ងន់ធ្ងរ គ្រូពេទ្យក៏ឲ្យមកសម្រាកនៅផ្ទះវិញ ខណៈបច្ចុន្បន្នកំពុងរស់នៅជាមួយប្អូន នៅក្នុងភូមិជួស ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ។

ប្អូនស្រីរបស់លោក សម តារាវុទ្ធី បានបន្ថមថា រយៈពេលនៃការបាត់មុខពីសិល្បៈរាប់ឆ្នាំ មានមិត្តសិល្បៈរួមជំនាន់ជាមួយលោកជាច្រើននាក់ បានយល់ច្រឡំថា លោកទៅរស់នៅអាមេរិក តាមពិតទៅលោកនៅស្រុកខ្មែរទេ ដោយប្រកបការងារជាសន្តិសុខឲ្យក្រុមហ៊ុនមួយ។

គួរជម្រាបថា អតីតតារាសម្តែង សម តារាវុទ្ធី ធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងខ្លាំង កាលពីជំនាន់ទសវត្ស ៨០ និង ៩០ ខណៈមហាជនភាគច្រើនបានស្គាល់លោក តាមរយៈការសម្តែងជាតួអង្គស្តេច ក្នុងរឿង «មាយើង»។ ក្រោយមក លោកបានសម្រេចចាកចេញពីវិស័យសិល្បៈ និងប្រកបមុខរបរសន្តិសុខ ក្នុងជីវភាពមិនសូវបរិបូរណ៍ឡើយ ខណៈបច្ចុប្បន្នលោក កំពុងធ្លាក់ខ្លួនឈឺធ្ងន់ កំពុងសម្រាកនៅស្រុកកំណើត ស្ថិតនៅក្នុងភូមិជួស ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ ហើយក៏កំពុងខ្វះលទ្ធភាព នៅក្នុងការបន្តព្យាបាលជំងឺនេះផងដែរ។

ប្រសិនបើបងប្អូនមិត្តសិល្បៈទាំងអស់ ក៏ដូចជាសប្បរសជនានា ចង់ជួយរំលែកក្ដីលំបាក ដល់ក្រុមគ្រួសារលោក សម តារាវុទ្ធី សូមទំនាក់ទំនងទៅកាន់ប្អូនស្រីរបស់លោក តាមរយៈលេខ ០៩៦ ៩៣ ៤៩ ០៧៩៕