(ភ្នំពេញ)៖ អ្នកវិទ្យាសាស្ត្របានស្រាវជ្រាវឃើញថា ផែនដីយើងគឺបានកើតមានភ្នំភ្លើងតាំងពីរាប់ពាន់លានឆ្នាំមកហើយ ហើយរហូតមកដល់ពេលនេះ ក៏នៅតែមានភ្នំភ្លើងផ្ទុះជាបន្តបន្ទាប់ដែរ ពិសេសគឺនៅប្រទេសមួយចំនួន ដូចជា ឥណ្ឌូណេស៉ី ស៉ីលី ជប៉ុន អេត្យូពី ហ្វីលីពីន ក្វាតេម៉ាឡាជាដើម។ ប៉ុន្តែតើអ្នកមានដឹងទេថា ប្រទេសកម្ពុជាធ្លាប់មានភ្នំភ្លើងផ្ទុះដែរឬទេ?

ប្រសិនបើនិយាយអំពីរយៈពេលចាប់ពីសម័យបុរេប្រវត្តិ ឆ្លងកាត់ប្រវត្តិសាស្ត្រ រហូតដល់ពេលបច្ចុប្បន្ន ប្រទេសកម្ពុជាមិនធ្លាប់មានភ្នំភ្លើងផ្ទុះនោះឡើយ ប៉ុន្តែប្រសិនបើនិយាយកាលពីរាប់ម៉ឺនរាប់សែនឆ្នាំមុន ប្រទេសយើងគឺធ្លាប់មានភ្នំភ្លើងផ្ទុះពិតមែន។

តាមរយៈការស្រាវជ្រាវ និងភស្តុតាងជាច្រើនដែលគេបានរកឃើញ បង្ហាញថា ប្រទេសកម្ពុជធ្លាប់មានបន្ទុះភ្នំភ្លើងជាច្រើនកាលពីអតីតកាល។ បឹងយក្សឡោម ក្នុងខេត្តរតនគិរី គឺជាមាត់ភ្នំភ្លើងអសកម្មធំមួយនៅក្នុងប្រទេសកម្ពុជា។ បឹងនេះមានជម្រៅប្រហែល៥០-៧០ម៉ែត្រ អង្កត់ផ្ចិតប្រហែល៨០០ម៉ែត្រ និងមានអាយុកាលប្រហែល៧សែនឆ្នាំហើយ។

នៅខេត្តកំពង់ចាម សម្បូរដោយដីក្រហមដែលមានជីជាតិល្អ។ វាកើតឡើងពីការពុកផុយនៃកម្អែភ្នំភ្លើងកាលពីអតីតកាល។ គេថែមទាំងបានរកឃើញសិលាបាសាល់ (Basalt) និងមាត់ភ្នំភ្លើងនៅតំបន់ភ្នំប្រុសភ្នំស្រី ដែលបញ្ជាក់បានថា ធ្លាប់មានភ្នំភ្លើងផ្ទុះននៅតំបន់នេះពិតមែនកាលពីមុន។

ភស្តុតាងនៃសិលារីយ៉ូលីត (Rhyolite) នៅភ្នំត្មាតពង និងភ្នំគ្របបាយ នៃស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក៏បានបញ្ជាក់ថា តំបន់នេះធ្លាប់មានភ្នំភ្លើងផ្ទុះ និងតំបន់ជាច្រើនទៀតក្នុងប្រទេសកម្ពុជា ដែលពុំទាន់មានការស្រាវជ្រាវនៅឡើយ។

បច្ចុប្បន្ន ប្រទេសកម្ពុជាមិនស្ថិតនៅជិតព្រំដែនផ្លាកតិចតូនិច (Plate tectonics) និងគ្មានសកម្មភាពភ្នំភ្លើងផ្ទុះទេ ប៉ុន្តែប្រសិនបើប្រទេសកម្ពុជាយើងស្ថិតនៅលើចំណុចក្តៅនៃសំបកផែនដី នោះនឹងអាចមានភ្នំភ្លើងផ្ទុះនាពេលអនាគត៕