(ណេវេដា)៖ ចៅក្រមសហព័ន្ធ នៅក្នុងរដ្ឋ Nevada សហរដ្ឋអាមេរិក បានណែនាំឲ្យបិទបញ្ចប់សំណុំរឿងចាប់រំលោភ ដែលពាក់ព័ន្ធនឹង Cristiano Ronaldo ខ្សែប្រយុទ្ធក្រុមបិសាចក្រហម។ នេះបើតាមការផ្សាយដោយ CNN នៅថ្ងៃសៅរ៍ ទី៩ ខែតុលា ឆ្នាំ២០២១។
លោកស្រី Kathryn Mayorga អតីតគ្រូបង្រៀនម្នាក់បានចោទប្រកាន់តារាឆ្នើមសញ្ជាតិព័រទុយហ្កាល់ ពីបទរំលោភបំពានផ្លូវភេទក្នុងទីក្រុង Las Vegas បន្ទាប់ពីការជួបទល់មុខគ្នា ក្នុងបន្ទប់សណ្ឋាគារមួយនាឆ្នាំ២០០៩។ ចំណែក Ronaldo បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នេះ។
Mayorga ក៏បានចោទប្រកាន់ Ronaldo និងក្រុមរបស់គាត់ថា បានបង្ខិតបង្ខំនាងឲ្យចុះហត្ថលេខាលើថ្លៃរួមភេទ ដោយរក្សាការសម្ងាត់។ នាងអះអាងថា នាងទទួលបាន ៣៧៥.០០០ដុល្លារ នៅក្នុងការសូកប៉ាន់នេះ។
មេធាវីរបស់នាង បានដាក់ពាក្យបណ្ដឹង នៅឆ្នាំ២០១៨ នៅតុលាការថ្នាក់តំបន់ និងបន្តដាក់នៅតុលាការសហព័ន្ធ ក្នុងឆ្នាំ២០១៩។ ទោះជាយ៉ាងនេះក្តី លោកចៅក្រម Daniel Daniel Albregts បានផ្តល់អនុសាសន៍ថា សំណុំរឿងនេះ ត្រូវតែបិទបញ្ចប់ដោយសារមេធាវីរបស់ Mayoga ប្រើប្រាស់ឯកសារក្លែងក្លាយ។
លោកបញ្ជាក់ថា «ប្រសិនបើតុលាការមិនបញ្ចប់សំណុំរឿងទេ ចំណាត់ការរបស់មេធាវីនាង អាចនឹងបន្ត ហើយបង្កឲ្យមានផលវិបាក ចំពោះនីតិវិធីតុលាការ»។
សូមជម្រាបថា ថ្មីៗនេះ ក្រុមស្ត្រីនិយមមួយក្រុមបានលើកបដាតាមរយៈការបញ្ជាយន្តហោះដ្រូន ក្នុងគោលដៅគាំទ្រលោកស្រី Mayorga ដែលជាអតីតគ្រូបង្រៀនម្នាក់ ពាក់ព័ន្ធនឹងការចោទប្រកាន់ថា Ronaldo បានរំលោភបំពាននាង ដែលបដាខាងលើត្រូវបង្ហោះឡើងអំឡុងពេលក្រុមបិសាចក្រហម Manchester United យកឈ្នះក្រុមភ្ញៀវ Newcastle United ក្នុងលទ្ធផល ៤-១ នៅកីឡដ្ឋាន Old Trafford នៃក្របខណ្ឌលីគកំពូលអង់គ្លេស Premier League៕