(ភ្នំពេញ)៖ អតីតម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៤ និងជាម្ចាស់មេដាយមាសកីឡាស៊ីហ្គេម ៣ជំនាន់ អ្នកនាង ស៊ន សៀវម៉ី បន្ទាប់ពីសម្រេចរៀបចំពិធីសែនព្រេនតាមប្រពៃណីខ្មែរ ជំនួសឲ្យការធ្វើពិធីរៀបមង្គលការធំដុំ ដោយសារតែវិបត្តិកូវីដ-១៩ រហូតមកទល់នឹងពេលនេះ អ្នកនាងនិងស្វាមី ហាក់សប្បាយរីករាយយ៉ាងខ្លាំង ព្រោះទើបតែទទួលបានកូនស្រីជាទីស្រឡាញ់ម្នាក់ជាចំណងដៃ ក្រោយសម្រាលបានជោគជ័យ។

ក្រោយសម្រាលបុត្រីបានជោគជ័យ តាមរយៈបណ្តាញសង្គមផ្លូវការរបស់ អ្នកនាង ស៊ន សៀវម៉ី បានបង្ហាញរូបភាពមួយចំនួនទៅកាន់អ្នកគាំទ្រ ក៏ដូចជាមហាជនក្នុងបណ្តាញសង្គម ដោយភ្ជាប់ជាមួយសារថា «អរគុណបងប្អូន មិត្តភក្តិ អ៊ុពូមីង ទាំងអស់គ្នាខ្លាំងណាស់ សម្រាប់ពាក្យជូនពរល្អៗ ក៏ដូចជាអបអរសាទស្វាគមន៍វត្តមានកូនស្រីរបស់ពួកខ្ញុំទាំងពីរនាក់។ ជាពិសេស អរគុណខ្លាំងទៅដល់អ្នកគ្រូពេទ្យទាំងអស់ សម្រាប់ការមើលថែទាំយ៉ាងដិតដល់ និងយកចិត្តទុកដាក់ យ៉ាងមានសុវត្ថិភាពក្នុងពេលសំរាល (សម្ភពបញ្ញាគ្លីនិក)»

បើគេនៅចាំមិនភ្លេច កីឡាការិនីឆ្នើមផ្នែកកីឡាតេក្វាន់ដូ WT រូបនេះ បានភ្ជាប់ពាក្យជាមួយ លោក កែវ ដេវីត កាលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ និងគ្រោងរៀបចំពិធីរៀបការនៅពេលជំងឺកូវីដ-១៩ ស្ងប់ស្ងាត់ តែយ៉ាងណាដោយសង្កេតឃើញថា ជំងឺមួយនេះនៅតែអូសបន្លាយ ស៊ន សៀវម៉ី និងគូដណ្តឹង ក៏សម្រេចរៀបចំពិធីសែនព្រេនតាមប្រពៃណីខ្មែរ មានការចូលរួមពីសាច់ញាតិចាស់ទុំទាំងសងខាងយ៉ាងរីករាយ ខណៈរហូតមកទល់នឹងពេលនេះអ្នកនាងទើបតែសម្រាលបានកូនស្រីជាទីស្រឡាញ់ម្នាក់ដោយជោគជ័យ។

សូមបញ្ជាក់ថា ស៊ន សៀវម៉ី ជាកីឡាការិនីតេក្វាន់ដូកម្រិតប្រវត្តិសាស្ដ្ររបស់កម្ពុជា រហូតត្រូវបានរាជរដ្ឋាភិបាលប្រសិទ្ធនាម ជាវីរកីឡាការិនី បន្ទាប់ពី សៀវម៉ី បានកែប្រែប្រវត្តិសាស្ត្រដោយការដណ្តើមបានមេដាយមាសកីឡាអាស៊ី (Asian Games) កាលពីឆ្នាំ២០១៤ នៅប្រទេសកូរ៉េខាងត្បូង ក៏ដូចជាកីឡាការិនីកម្ពុជាដំបូង ដែលបានឆ្លងកាត់វគ្គជម្រុះ ដើម្បីចូលរួមប្រកួតកីឡាអូឡាំពិក ឆ្នាំ២០១៦ នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល និងជាម្ចាស់មេដាយមាសកីឡាស៊ីហ្គេម ៣សម័យកាលទៀតផង៕