(ក្រុងឡុងដ៍)៖ ខ្សែប្រយុទ្ធក្លិបបិសាចក្រហម Manchester United គឺ Cristiano Ronaldo បានឈ្នះពានកីឡាករឆ្នើម ក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស Premier League សម្រាប់ខែកញ្ញា គ្រាដែលលោក Mikel Arteta គ្រូបង្វឹកក្លិបកាំភ្លើងធំ Arsenal ឈ្នះពានអ្នកដឹកនាំល្អ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sky នៅថ្ងៃសៅរ៍ ទី០៩ ខែតុលា ឆ្នាំ២០២១។

សរុបទាំងលើកនេះ Ronaldo ឈ្នះពានកីឡាករឆ្នើមប្រចាំខែចំនួន ៥ដងក្នុងអាជីពរបស់គាត់ បន្ទាប់ពីចាប់ផ្តើមដ៏ល្អក្នុងការត្រឡប់មកទឹកដី Old Trafford ជាលើកទី២ កាលពីរដូវក្តៅ។ គាត់ស៊ុតបាន ៥គ្រាប់ក្នុងការបង្ហាញខ្លួន ៦ដង រួមបញ្ចូលទាំងការរកបាន ៣គ្រាប់កាលពីខែកញ្ញាផងដែរ។

Ronaldo ក៏ស៊ុតបាន ២គ្រាប់ពេលក្លិបបិសាចក្រហមប្រកួតជាមួយ Newcastle United នៅកីឡដ្ឋាន Old Trafford ហើយរកបាន ១គ្រាប់ផងដែរ ពេលប៉ះក្រុម West Harm United។

ចំណែកឯ Mikel Arteta វិញបានឈ្នះពានអ្នកចាត់ការឆ្នើមប្រចាំខែ បន្ទាប់ពីការដឹកនាំក្លិបកាំភ្លើងធំឈ្នះទាំង ៣លើកក្នុងលីគនាខែកញ្ញា។ ក្នុងនោះ ឈ្នះក្លិប Tottenham Hotspur ៣ទល់នឹង១ ក៏ដូចជាជ័យជម្នះដ៏សំខាន់ពេលប៉ះ Burnley និង Norwich ផងដែរ។

ជ័យជម្នះទាំងនោះបានជួយក្លឹបឡើងដល់ចំណាត់ថ្នាក់ទី១១ ក្នុងតារាងវិញ បន្ទាប់ពីការចាប់ផ្តើមដ៏លំបាកពេលចាប់ផ្តើមបើករដូវកាល ពោលគឺធ្លាប់ចាញ់ដល់ទៅ ៣លើក ជាប់ៗគ្នា៕