(ញ៉ូវខាសល)៖ ក្លិបចំនួន១៩ នៅលីគ Premier League បានដាក់ពាក្យបណ្តឹង ស្តីពីការគ្រប់គ្រងក្លិប Newcastle United ដោយក្រុមហ៊ុនសម្ព័ន្ធដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងបានជំរុញឲ្យមានកិច្ចប្រជុំជាបន្ទាន់មួយ នៅសប្តាហ៍ក្រោយ, នេះបើយោងតាមសារព័ត៌មាន Guardian ចេញផ្សាយនាយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១នេះ។

Premier League បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ក្លិប Newcastle ត្រូវបានលក់ឲ្យទៅក្រុមហ៊ុនមួយ នៃមូលនិធិវិនិយោគសាធារណៈ របស់អារ៉ាប៊ីសាអូឌីត (Saudi Arabia's Public Investment Fund, PCP Capital Partners and RB Sports & Media)។

ក្រុមហ៊ុនវិនិយោគនេះ ធ្លាប់បានដាក់ការដេញថ្លៃជាសាធារណៈ ចំនួន៣០៥លានផោន (៤១៥លានដុល្លារ) ដើម្បីទិញក្លិបនេះ កាលពីខែមេសា ឆ្នាំ២០២០។ កិច្ចព្រមព្រៀងនោះ បានដួលរលំ នូវរយៈពេលបីខែក្រោយមក ចំពេលមានការត្រួតពិនិត្យពីលីគ ដែលបានស្ថិតនៅក្រោមសម្ពាធ ដើម្បីបញ្ឈប់ការលក់ ដោយសារតែការព្រួយបារម្ភ អំពីការលួចចម្លងការផ្សាយ នៅអារ៉ាប៊ីសាអូឌីត។

សារព័ត៌មាន Guardian បានចេញផ្សាយថា ក្លិបចំនួន១៩ នៅលីគ Premier League បានឯកភាពគ្នា ក្នុងការប្រឆាំងនឹងក្រុមហ៊ុនសម្ព័ន្ធ ដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដែលត្រូវបានអនុញ្ញាតឲ្យទិញក្លិប ពីអតីតម្ចាស់លោក Mike Ashley។

សារព័ត៌មានដដែលបានបន្ថែមថា ក្លិបនៅ Premier League ក៏បានលើកឡើងពីការព្រួយបារម្ភថា ម៉ាក់សញ្ញារបស់លីគ អាចត្រូវបានខូចខាត ដោយក្រុមហ៊ុនសម្ព័ន្ធរបស់អារ៉ាប៊ីសាអ៊ូឌីត, ដែលដឹកនាំដោយព្រះរាជទាយាទ Mohammed Bin Salman នោះ, បានកាន់កាប់ភាគហ៊ុន៨០ភាគរយ នៅក្លិប Newcastle៕