(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងឧបត្ថម្ភថវិកាផ្ទាល់របស់សម្ដេចចំនួន ១០ម៉ឺនដុល្លារ ដល់ក្រុមជម្រើសជាតិកម្ពុជា ប្រសិនបើក្រុមគោព្រៃកម្ពុជា បានឡើងវគ្គបន្ដ នៃពានរង្វាន់បាល់ទាត់ជើងឯកទ្វីបអាស៊ី AFC Asian Cup China 2023 Qualifiers ។

នេះបើតាមការប្រកាសក្នុងកម្មវិធីផ្សាយផ្ទាល់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ខណៈក្រុមគោព្រៃកម្ពុជា កំពុងធ្វើការប្រកួតជម្រុះ Play-Off ដើម្បីប្រជែងកៅអីវគ្គចែកពូលជុំទី៣ ជាមួយកោះហ្គាំ នៅប្រទេសបារ៉ែន ដែលចាប់ផ្ដើមការប្រកួតនាម៉ោង ១២៖៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ។

ទន្ទឹមជាមួយគ្នា លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានប្រកាសឧបត្ថម្ភថវិកាដល់ក្រុមជម្រើសជាតិកម្ពុជា រាល់ការស៊ុតបញ្ចូលទីកោះហ្គាំ ១គ្រាប់ចំនួន ៥,០០០ដុល្លារទៀតផង ។ នេះបើតាមការបញ្ជាក់របស់ប្រភពដដែល ។

គួរដឹងថា ពេលនេះ កម្ពុជា កំពុងប្រកួតជាមួយកោះហ្គាំ ក្នុងជំនួបជើងទី១ នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup China 2023 Qualifiers (Play-Off) ខណៈលទ្ធផលចប់វគ្គទី១ កម្ពុជា កំពុងនាំមុខ ១-០ ដែលធ្វើសម្រេចដោយកីឡាករ ចាន់ វឌ្ឍនាកា នៅនាទី២៦ ។ រីឯការប្រកួតជើងទី២ នឹងធ្វើឡើងនៅទឹកដីកណ្ដាលប្រទេសបារ៉ែនដដែល នារាត្រីថ្ងៃទី១២ ខែតុលាសប្ដាហ៍ក្រោយ ៕