(ក្រុងឡុងដ៍)៖ ក្រុមតោកំណាចអង់គ្លេស កាន់តែមានសង្ឃឹមខ្ពស់ក្នុងការកក់កៅអីឡើងទៅលេង FIFA World Cup 2022 ដែលមានកាតាធ្វើម្ចាស់ផ្ទះ ក្រោយបំបាក់គូប្រជែងអង់ដូរ៉ាដល់ទៅ ៥ទល់នឹង០ នៅរាត្រីឆ្លងចូលថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា)។

អង់គ្លេស បន្តធ្វើបានល្អទៀតក្នុងវគ្គជម្រុះ World Cup 2022 ប្រចាំតំបន់អឺរ៉ុប ពីការប្រកួតសន្សំពិន្ទុក្នុងពូល I ដែលមាន ៦ប្រទេស អង់គ្លេស ប៉ូឡូញ អាល់បានី ហុងគ្រី សាំងម៉ារ៉ាំង និងអង់ដូរ៉ា។

កីឡាករ ៥រូបផ្សេងគ្នាដែលត្រូវបានជ្រើសរើសចេញពីលីគ Premier League និង Serie A មានដូចជា Ben Chiwell, Bukayo Saka, Tammy Abraham, Ward-Prowse និង Jack Grealish សុទ្ធសឹងរួមចំណែកឲ្យក្រុមរបស់លោក Gareth Southgate ឈ្នះដោយស្រួលក្នុងទឹកដីរបស់អង់ដូរ៉ា ដ្បិតជើងទី១ នៅកីឡដ្ឋាន Wembley ស្ថិតក្នុងទីក្រុង London តោកំណាចអង់គ្លេសក៏បានបំបាក់អង់ដូរ៉ា ៤-០ ទៅហើយដែរ។

៣ពិន្ទុក្រៅដីនេះដែរ អង់គ្លេសនៅតែរក្សាប្រវត្តិលេងមិនចាញ់ក្នុងវគ្គជម្រុះ World Cup 2022 នៅពេលឈ្នះ ៦ដង និងស្មើ ១ដងមិន ក្រោយឆ្លងកាត់បាន ៧ប្រកួតនាពេលកន្លងមក ដោយរកបាន ១៩ពិន្ទុនាំមុខក្រុមលេខ២ អាល់បានីដែលមាន ១៥ពិន្ទុ គ្រាដែលគូប្រជែងអង់ដូរ៉ាបន្តឈរនៅលេខរៀងទី៥ ដោយមានត្រឹម ៣ពិន្ទុ នៅសល់ ៣ប្រកួតក្នុងដៃដូចគ្នា ដើម្បីបិទបញ្ចប់ពូល I៕