(ភ្នំពេញ)៖ កាលពីសប្តាហ៍មុនកម្មវិធីយល់ដឹងផ្នែកច្បាប់បានលើកយកអត្ថបទដែលនិយាយអំពី ការកំណត់សិទ្ធិក្នុងការគ្រប់គ្រងកូននៅពេលប្តីប្រពន្ធលែងលះគ្នា (ការបែងចែកអ្នកដែលមានសិទ្ធិអំណាចមេបា) ដែលកូនជាអនីតិជន។

ដូច្នេះទើបសប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទថ្មីមួយទៀតស្តីពី «ការដកហូត និងការព្យួរអំណាចមេបា» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត។

អត្ថបទនេះ មានគោលបំណងដើម្បីស្វែងយល់ឱ្យបានលម្អិតថាតើអ្វីទៅជាការដកហូត និងការព្យួរអំណាចមេបា? ហើយមានមូលហេតុអ្វីខ្លះដែលធ្វើឱ្យមានការប្រកាសព្យួរ ឬការដកហូតអំណាចមេបា?

ក្រោយពីមានការសម្រេចសេចក្តីពីតុលាការក្នុងការកំណត់អ្នកដែលមានអំណាចមេបា មិនមែនមានន័យថាអ្នកដែលមានសិទ្ធិអំណាចមេបារួចហើយនោះ ប្តី ឬប្រពន្ធដែលជាអ្នកមានសិទ្ធិអំណាចមេបា អាចអនុវត្តសិទ្ធិរបស់ខ្លួនតាមអំពើចិត្តនោះទេ មានន័យថាប្រសិនបើប្តី ឬប្រពន្ធ ឬអ្នកដែលមានសិទ្ធិស្របច្បាប់ក្នុងការទាមទារសិទ្ធិអំណាចមេបា បានដឹងអំពីការមិនអនុវត្តកាតព្វកិច្ចរបស់អ្នកដែលមានសិទ្ធិអំណាចមេបាទេនោះ ពោលគឺគេអាចប្តឹងឱ្យដកហូត ឬព្យួរអំណាចមេបាបាន ។

យោងតាមក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា បានចែងអំពីអ្នកមានអំណាចមេបាមានសិទ្ធិ និងករណីយកិច្ចអប់រំកូន ពោលគឺជំរុញការអភិវឌ្ឍខាងបញ្ញារបស់កូន និងផ្តល់ឱ្យកូនទទួលបានចំណេះដឹង និងជំនាញដែលចាំបាច់សម្រាប់ជីវិតនៅក្នុងសង្គមរបស់ខ្លួន ។ ការអប់រំអាចបែងចែកជា២ គឺការអប់រំនៅក្នុងផ្ទះ និងការអប់រំនៅក្នុងសាលាដែលជាមូលដ្ឋានក្នុងការអប់រំផ្នែកបញ្ញា លើសពីនេះឪពុក ឬម្តាយមិនត្រូវបានអនុញ្ញាតឱ្យប្រើអំពើហិង្សា ដោយហៅអំពើហិង្សានោះថាជា វិន័យ, ការអប់រំ ឬផ្តល់នូវការអប់រំ ដែលមិនត្រឹមត្រូវសម្រាប់ការរីកលូតលាស់របស់កូន ក្រោមរូបភាពនៃការប្រើប្រាស់សិទ្ធិនេះឡើយ ប៉ុន្តែនៅពេលផ្តល់ការអប់រំដល់កូន គាត់អាចស្តីបន្ទោស ឬដាក់ទណ្ឌកម្មកូននៅក្នុងកម្រិតមួយដែលចាំបាច់សម្រាប់ការអប់រំនៅក្នុងផ្ទះតែប៉ុណ្ណោះ តែត្រូវធានាថាការដាក់ទណ្ឌកម្មនោះមិនធ្វើឱ្យមានការរងគ្រោះផ្នែកផ្លូវចិត្ត ឬផ្លូវកាយដល់កូនជាដាច់ខាត ។

ជាងនេះទៅទៀតអ្នកមានអំណាចមេបា មានករណីយកិច្ចឱ្យកូនចូលសាលាយ៉ាងតិចណាស់៩ឆ្នាំ មានន័យថាអ្នកមានអំណាចមេបាមិនត្រូវបានអនុញ្ញាតឱ្យហាមឃាត់កូនមិនឱ្យចូលរៀន ដោយពុំមានហេតុផលពិសេសជាក់លាក់ឡើយ ។ ក្រៅតែពីការផ្តល់ការអប់រំ អ្នកដែលមានអំណាចមេបា ត្រូវមានទីសំណាក់សម្រាប់កូន ដែលមិនអាចកំណត់ទីតាំងសំណាក់របស់កូននៅទីកន្លែងដែលមិនសមរម្យនោះទេ មិនត្រឹមតែប៉ុណ្ណោះអ្នកមានអំណាចមេបា ត្រូវអនុញ្ញាតឱ្យកូនប្រកបវិជ្ជាជីវៈ និងអាជីវកម្ម ថ្វីត្បិតតែច្បាប់បានកំណត់អំពីការប្រកបវិជ្ជាជីវៈ និងអាជីវកម្ម ត្រូវមានការអនុញ្ញាតពីអ្នកដែលមានអំណាចមេបាក្តី ក៏អ្នកដែលមានអំណាចមេបាត្រូវតែ
ផ្តល់ការអនុញ្ញាតឱ្យកូនផងដែរ ដោយហេតុថាការដែលមិនអនុញ្ញាតឱ្យកូនក៏ចាត់ទុកជាការបំពានលើសិទ្ធិក្នុងការផ្តល់ការអនុញ្ញាត ។

ការដកហូត ឬការប្រកាសព្យួរអំណាចមេបា គឺជាការដកសិទ្ធិទាំងស្រុង ឬបណ្តោះអាសន្នក្នុងការគ្រប់គ្រងកូនដែលជាអនីតិជន ទៅតាមការស្នើសុំរបស់អ្នកដែលមានសិទ្ធិក្នុងការស្នើសុំ ប្រសិនបើអ្នកដែលមានអំណាចមេបា មិនបានបំពេញកាតព្វកិច្ចក្នុងនាមជាអ្នកមានអំណាចមេបាន ។ ហេតុដូចនេះហើយទើបច្បាប់បានកំណត់ថា ឪពុក ឬម្តាយដែលអនុវត្តអំណាចមេបា បានបំពានសិទ្ធិអំណាចក្នុងនាមជាអ្នកមានអំណាចមេបា ឬបានធ្វេសប្រហែសក្នុងការបំពេញករណីយកិច្ចក្នុងនាមជាអ្នកមានអំណាចមេបា តុលាការអាចប្រកាសព្យួរ ឬដកហូតអំណាចមេបា តាមការទាមទាររបស់ញាតិក្នុង ៤ ថ្នាក់របស់កូន មេឃុំ ចៅសង្កាត់ នាយកមជ្ឈមណ្ឌលសាធារណៈសម្រាប់សុខុមាលភាពកុមារ ឬតំណាងអយ្យការបាន ។ ប្រសិនបើមានការប្រកាសព្យួរ ឬការដកហូតអំណាចមេបា ហើយកូនធ្លាក់ទៅក្នុងស្ថានភាពដែលពុំមានអ្នកមានអំណាចមេបា តុលាការអាចយកឪពុក ឬម្តាយដែលពុំមានអំណាចមេបា មកធ្វើជាអ្នកមានអំណាចមេបារបស់កូនបាន ក្នុងករណីនេះដែរប្រសិនបើអ្នកដែលមានអំណាចមេបាទទួលមរណភាព ដូច្នេះចំណុចខាងលើក៏ត្រូវបានយកមកអនុវត្តផងដែរ។

ក្រោយពីការប្រកាសព្យួរ ឬការដកហូតអំណាចមេបា ត្រូវបានបញ្ចប់ តុលាការអាចលុបចោលការប្រកាសព្យួរ ឬការដកហូតសិទ្ធិក្នុងនាមជាអ្នកមានអំណាចមេបា តាមការទាមទាររបស់សាម៉ីជនដែលទទួលបានការប្រកាសព្យួរ ឬការដកហូតអំណាចមេបា ឬញាតិ៤ថ្នាក់របស់ជននោះ ។ ប៉ុន្តែករណីដែលកូនធ្លាក់ទៅក្នុងស្ថានភាពដែលគ្មានអ្នកមានអំណាចមេបា មានន័យថា (កូនកំព្រាដែលគ្មានឪពុកម្តាយគ្រប់គ្រង) នោះអាណាព្យាបាលសម្រាប់អនីតិជនត្រូវចាប់ផ្តើម (អ្នកគ្រប់គ្រងកូននោះដែលមិនមែនជាឪពុកម្តាយបង្កើត) គឺតុលាការត្រូវធ្វើការជ្រើសរើសអាណាព្យាបាលសម្រាប់អនីតិជនតាមឆន្ទានុសិទ្ធិរបស់ខ្លួន ឬតាមការស្នើសុំពីញាតិ ៤ថ្នាក់របស់កូននោះ ឬមេឃុំ ចៅសង្កាត់ នៃលំនៅឋានរស់នៅចុងក្រោយបង្អស់ ឬនាយកមជ្ឈមណ្ឌលសាធារណៈសម្រាប់សុខុមាលភាពកុមារ ឬតំណាងអយ្យការបាន។

សរុបមក ក្នុងករណីអ្នកដែលមានសិទ្ធិអំណាចមេបាមិនអនុវត្តកាតព្វកិច្ចរបស់ខ្លួនពេញលេញ នោះអាចនឹងត្រូវរងនូវប្រកាសព្យួរ ឬដកហូតអំណាចមេបាពីតុលាការបាន ។ ការដកហូត និងការព្យួរអំណាចមេបា គឺធ្វើឡើងក្នុងគោលបំណងដើម្បីធានាឱ្យកូនទទួលបាននូវសិទ្ធិពេញលេញឡើងវិញ ដែលបណ្ដាលមកពីការធ្វេសប្រហែស ឬការបំពានរបស់អ្នកមានអំណាចមេបា។

រៀបរៀងដោយ៖ លោក ប៊ុន វិទូ និងលោក ហេង សុគន្ធ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥, អ៉ីម៉ែល៖ [email protected], គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group ៕