(ភ្នំពេញ)៖ កំឡុងពេលមានផ្ទៃពោះ ស្រ្តីមានបម្រែបម្រួលអ័រម៉ូនយ៉ាងច្រើន ដែលក្នុងនោះមានការថយចុះការបញ្ចេញអាំងស៊ុយលីនពីលំពែង ដែលជាអ័រម៉ូនសម្រាប់គ្រប់គ្រងជាតិស្ករ ដែលធ្វើឱ្យស្រ្តីអាចប្រឈមនឹងជំងឺទឹកនោមផ្អែមកំឡុងពេលមានផ្ទៃពោះនេះបាន។

លោកវេជ្ជបណ្ឌិតឯកទេស វី ឌុច្ជដា ឯកទេសជំងឺទឹកនោមផ្អែម ជំងឺពក ក ក្រពេញ អ័រម៉ូន និងជំងឺទូទៅ បម្រើការងារនៅមន្ទីរពេទ្យព្រះអង្គឌួង បានគូសបញ្ជាក់ថា ជំងឺទឹកនោមផ្អែម ដែលកើតលើស្រ្តីកំឡុងពេលមានផ្ទៃពោះ មានន័យថា មុនពេលមានផ្ទៃពោះ អ្នកជំងឺមិនមានជំងឺទឹកនោមផ្អែមប្រភេទ ទី១ ឬប្រភេទ ទី២ ពីមុនមកទេ។ វាកើតឡើងតែកំឡុងពេលស្រ្តីកំពុងមានផ្ទៃពោះ ហើយភាគច្រើននឹងបាត់ទៅវិញក្រោយពេលសម្រាល។

ប៉ុន្ដែប្រសិនមិនបានទទួលការព្យាបាល ជំងឺទឹកនោមផ្អែមដែលកើតលើស្រ្តីកំឡុងពេលមានផ្ទៃពោះ អាចបណ្តាលឱ្យមានផលប៉ះពាល់ទៅលើម្តាយ និងទារកដូចជា៖
ផលប៉ះពាល់ទៅលើម្តាយ
*អាចប្រឈមនឹងការសម្រាលដោយការវះកាត់
*ប្រឈមនឹងការកើតជំងឺលើសសម្ពាធឈាម ឬជំងឺបម្រុងក្រឡាភ្លើងច្រើនជាងអ្នកដែលមិនមានជំងឺ
*ប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទ ទី២ ក្រោយសម្រាល

ផលប៉ះពាល់ទៅលើទារក
*លើសទម្ងន់
*អាចកើតមិនគ្រប់ខែ
*ទាក់ស្មាពេលសម្រាល
*វិបត្តិផ្លូវដង្ហើម
*ប្រឈមនឹងការចុះស្ករ
*ទារកអាចវិវត្តទៅរកភាពធាត់ ឬកើតជំងឺទឹកនោមផ្អែម នៅពេលខាងមុខ។

លោកវេជ្ជបណ្ឌិតឯកទេសរូបនេះ ថ្លែងបន្ដថា «ដើម្បីកាត់បន្ថយ និងបង្ការផលវិបាកដែលអាចប្រឈមខាងលើនេះ ស្រ្តីដែលមានគម្រោងចង់មានផ្ទៃពោះ ឬកំពុងមានផ្ទៃពោះ គប្បីពិគ្រោះជាមួយគ្រូពេទ្យឯកទេសជំងឺទឹកនោមផ្អែម និងគ្រូពេទ្យឯកទេសសម្ភពដើម្បីធ្វើការពន្យល់ អប់រំ ណែនាំអំពី ការហូបចុក ការហាត់ប្រាណ ការធ្វើតេស្តស្វែងរកជំងឺទឹកនោមផ្អែម និងទទួលការព្យាបាលជាដើម»

លោកវេជ្ជបណ្ឌិតបញ្ជាក់ថា សម្រាប់ស្រ្តីមានផ្ទៃពោះទាំងអស់ មិនមែនសុទ្ធតែកើតមានជំងឺទឹកនោមផ្អែមកំឡុងពេលមានផ្ទៃពោះនោះនេះ ប៉ុន្ដែមានកត្តាមួយចំនួន ដែលអាចធ្វើឱ្យស្រ្តីមានផ្ទៃពោះងាយប្រឈមនឹងជំងឺនេះ ក្នុងនោះមានដូចជា៖
*ស្រ្តីដែលមានអាយុលើសពី ៣៥ឆ្នាំ
*ស្រ្តីដែលលើសទម្ងន់ ឬធាត់
*ស្រ្តីដែលមានឪពុក ឬម្តាយ មានប្រវត្តិកើតជំងឺទឹកនោមផ្អែមប្រភេទ ទី២
*ស្រ្តីដែលមានប្រវត្តិធ្លាប់កើតជំងឺទឹកនោមផ្អែមកំឡុងពេលមានផ្ទៃពោះពីមុនមក
*ស្រ្តីដែលមានប្រវត្តិកូនកើតមកលើសពី ៤គីឡូក្រាម កាលពីពេលមានផ្ទៃពោះពីមុនៗ។

លើសពីនោះ ជំងឺនេះមិនមានរោគសញ្ញាណាមួយជាក់លាក់ ឬអាចឱ្យអ្នកជំងឺដឹងមុនឡើយ ប៉ុន្តែស្រ្តីដែលមានកត្តាប្រឈមដូចរៀបរាប់ខាងលើគប្បី មកជួបពិគ្រោះ និងធ្វើតេស្តជាមួយគ្រូពេទ្យឯកទេសជំងឺទឹកនោមផ្អែម ដើម្បីស្វែងរកជំងឺនេះ។

ការធ្វើតេស្តអាចចាប់ផ្តើមពីពេលដំបូង ដែលស្រ្តីដឹងថាមានផ្ទៃពោះដោយការពិនិត្យជាតិស្ករ បន្ទាប់មកគ្រូពេទ្យ នឹងកំណត់ថាគាត់ត្រូវទទួលការព្យាបាល ឬរង់ចាំរហូតដល់សប្តាហ៍ទី២៤-២៨ នៃការមានគភ៌ ដើម្បីធ្វើតេស្តពិសេស ដោយការពិសារទឹកស្ករ 75g (OGTT) ដែលជាតេស្តច្បាស់លាស់ជាងគេ ក្នុងការកំណត់ពីជំងឺទឹកនោមផ្អែមលើស្រ្តីកំឡុងពេលមានផ្ទៃពោះ។

ការធ្វើតេស្តនេះ គ្រូពេទ្យតម្រូវឱ្យអ្នកជំងឺធ្វើតេស្តជាតិស្ករ នៅពេលព្រឹកមិនទាន់ញាំអាហារម្តង បន្ទាប់មកធ្វើការពិសារទឹកស្ករ 75g ដែលបានរៀបចំទុក រួចរង់ចាំធ្វើតេស្តស្កររយៈពេល១ម៉ោង និង២ម៉ោងក្រោយ។ ប្រសិនបើលទ្ធផលជាតិស្ករមួយណាក្នុងចំណោមទាំងបីខាងលើ ខ្ពស់លើសតម្លៃកំណត់ នោះបញ្ជាក់ថាស្រ្តីមានជំងឺទឹកនោមផ្អែម ដែលកើតកំឡុងពេលមានផ្ទៃពោះ។

គួរបញ្ជាក់ថា ជំងឺទឹកនោមផ្អែមមាន៤ប្រភេទធំៗគឺ៖
*ជំងឺទឹកនោមផ្អែម ប្រភេទទី១
*ជំងឺទឹកនោមផ្អែម ប្រភេទទី២
*ជំងឺទឹកនោមផ្អែម ដែលកើតលើស្រ្តីកំឡុងពេលមានផ្ទៃពោះ
*ជំងឺទឹកនោមផ្អែម ដែលបណ្តាលមកពីមូលហេតុជាក់លាក់ណាមួយ៕