(ភ្នំពេញ)៖ លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានសម្ដែងការខកចិត្ត ចំពោះទម្រង់លេងរបស់ក្រុមខ្លួន ទោះបីក្រុមគោព្រៃកម្ពុជា បានយកឈ្នះក្រុមកោះហ្គាំរបស់សហរដ្ឋអាមេរិក ដោយលទ្ធផល ១-០ ក្នុងជំនួបជើងទី១ នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup China 2023 នៅប្រទេសបារ៉ែន កាលពីយប់មិញក៏ដោយ ។

យោងតាមខ្លឹមសាររបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅយប់ថ្ងៃទី១០ ខែតុលានេះ Honda បានបញ្ជាក់ថា «ខ្ញុំគួរតែសប្បាយចិត្ត ព្រោះយើងឈ្នះ តែខ្ញុំបែរជាខកចិត្តទៅវិញ ព្រោះទម្រង់លេងយើង គឺមិនល្អដូចពេលយើងលេងជាមួយក្រុមខ្លាំងៗ ទោះពេលនោះយើងចាញ់មែន តែខ្ញុំសប្បាយចិត្តជាង ព្រោះយើងមានទម្រង់លេងប្រសើរជាងនេះ»

អតីតសមាជិកក្រុមស៊ាំម៉ូរ៉ៃជប៉ុន ដែលកំពុងប្រកបអាជីពនៅក្លិប FK Suduva នៃលីគកំពូលប្រទេសលីទុយអានីដដែលបានសង្កត់ធ្ងន់ថា «បើយើងរីករាយជាមួយលទ្ធផលនេះ ជាមួយទម្រង់លេងបែបនេះ តើពេលណាទើបយើងអាចលេងឈ្នះក្រុមខ្លាំងៗ ក្នុងតំបន់ដូចជាវៀតណាម ឬថៃបាននោះ?»

លោកបន្ថែមថា «ការអភិវឌ្ឍន៍កាយសម្បទា និងបច្ចេកទេស ជាចំណុចដែលកីឡាករភាគច្រើនផ្ដោតលើ ក៏ដូចគ្នាយើងត្រូវពង្រឹងផ្នែកទាំងនោះ ប៉ុន្ដែអ្វីដែលពិសេសជាងនោះ យើងត្រួវយល់ដឹងពីការប្រើប្រាស់ តាក់តិច (Tactic) ដែលជាកត្ដាដែលធ្វើឲ្យក្រុមយើងអាចប្រកួតប្រជែងក្រុមខ្លាំងៗបាន»

គួរដឹងថា ក្នុងជំនួបដ៏ជក់ចិត្ត កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យនេះ វគ្គទី១ ក្រុមគោព្រៃកម្ពុជា បានដាក់សម្ពាធច្រើនលើកោះហ្គាំ ពិសេសការបង្កើតឱកាសក្នុងតំបន់គ្រោះថ្នាក់គូប្រកួតជាច្រើន តែធ្វើសម្រេចបានត្រឹម ១គ្រាប់ប៉ុណ្ណោះ ដោយខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា នៅនាទី២៦ ។ ចំណែកវគ្គទី២ ត្រូវបានគេមើលឃើញថា ក្រុមកម្ពុជាធ្វើពុំសូវបានល្អប្រសើរនោះទេ។

យ៉ាងណាមិញក្រុមជម្រើសជាតិកម្ពុជា នៅត្រូវធ្វើការងារធ្ងន់ ១ប្រកួតទៀត នៅជើងទី២ ដើម្បីប្រជែងកៅអីវគ្គចែកពូលជុំទី៣ នៃពានរង្វាន់ AFC Asian Cup China 2023 ដោយកម្ពុជា ត្រូវជួបកោះហ្គាំ នាវេលាម៉ោង ១១យប់ថ្ងៃទី១២ ខែតុលាខាងមុខនេះ ដើម្បីកាត់សេចក្ដីរកក្រុមឡើងវគ្គបន្ដ នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន ដដែល៕