(មីឡាន)៖ ក្រុមមាន់គកបារាំង បានគ្រងតំណែងជើងឯកពានលីគអឺរ៉ុប UEFA Nations League រដូវកាលទី២ ឆ្នាំ២០២០-២០២១ នៅពេលយកឈ្នះគូប្រជែងអេស្ប៉ាញ ២-១ នៅវគ្គផ្តាច់ព្រ័ត្រឆ្លងចូលថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា)។

ព័រទុយហ្គាល់ បានឈ្នះពាននេះដំបូងគេកាលឆ្នាំ២០១៩ ក្នុងទឺកដីរបស់ខ្លួន នៅពេលយកឈ្នះហូឡង់ ១-០ នៅវគ្គផ្តាច់ព្រ័ត្រ។

ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe មកពីក្លិបក្នុងស្រុក Paris Saint-Germain ជាអ្នករកបានគ្រាប់ជ័យជម្នះនៅនាទី៨០ ក្រោយពេលមិត្តរួមក្រុម Karim Benzema រកគ្រាប់តាមស្មើ ១-១ នៅនាទី៦៦ បានត្រឹមតែ ២នាទីប៉ុណ្ណោះពេលដែល Oyarzabal បានរកគ្រាប់នាំមុខឲ្យគោជល់អេស្ប៉ាញក្នុងកីឡដ្ឋាន San Siro ស្ថិតក្នុងទីក្រុង Milan ប្រទេសអ៉ីតាលី។

បារាំង ដែលជាជើងឯក FIFA World Cup 2018 មានស្តិតិគ្រប់គ្រងបាល់តែ ៣៦ភាគរយប៉ុណ្ណោះ និងជាការវាយឈ្នះលើកទី២ ផងដែរ ដ្បិតកាលពីវគ្គ ៤ក្រុមចុងក្រោយ បារាំងក៏ត្រូវបានប៊ែលហ្សិកបើកការនាំមុខ ២គ្រាប់មុនផងដែរ មុនពេលវាយបកឈ្នះវិញ ៣-២ នៅនាទីចុងម៉ោង ស្ថិតក្រោមការបង្វឹករបស់លោក Didier Deschamps៕