(អាមេរិក)៖ ក្រុមហ៊ុន Facebook នៅថ្ងៃអាទិត្យម្សិលមិញនេះបានប្រកាសនឹងដាក់ចេញនូវវិធានការថ្មីសម្រាប់បណ្ដាញសង្គមរបស់ខ្លួន ក្នុងគោលបំណងជំរុញឱ្យយុវវ័យចាកឆ្ងាយពីមាតិកាដែលអាចបង្កជាគ្រោះថ្នាក់ ខណ:ដែល នៅពេលនេះសភាអាមេរិកកំពុងពិនិត្យមើលថាតើ Facebook និងបុត្រសម្ព័ន្ធរបស់ខ្លួន Instagram បានធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តយុវជនយ៉ាងដូចម្ដេច។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Nick Clegg អនុប្រធានផ្នែកកិច្ចការពិភពលោករបស់ក្រុមហ៊ុន Facebook បានសម្តែងការបើកចំហចំពោះគំនិតទាំងឡាយដែលពាក់ព័ន្ធនឹងបញ្ហាខាងលើ ព្រមទាំងបានអនុញ្ញាតឱ្យក្រុមនិយ័តករចូលរួមក្នុងការដោះស្រាយបញ្ហា នេះថែមទៀតផង។

លោក Clegg បានបន្ថែមទៀតថា ចំពោះក្បូរដោះស្រាយបញ្ហានេះខាងលើនេះ លោកមិនអាចនិយាយបានទេ ហើយលោកក៏មិនអាចបង្ហាញលម្អិតបានផងដែរ ដោយនៅពេលនេះក្រុមអ្នកជំនាញ និងខាងនិយ័តករកំពុងតែ ធ្វើការជាមួយគ្នាដើម្បីដោះស្រាយបញ្ហាទាំងនេះ។

បុគ្គលិកជាន់ខ្ពស់រូបនេះក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ឱ្យចូលរួមក្នុងការទប់ស្កាត់មាតិកាដែលអាចបង្កគ្រោះថ្នាក់ នេះ ជាមួយនឹង Facebook ផងដែរ ដោយលោកបានលើកឡើងថា តាមពិតទៅអ្នកប្រើប្រាស់ភាគច្រើនសុទ្ធតែបាន ដឹងថា មាតិកាណាមួយជាមាតិកាល្អ និងពិតឥតក្លែងក្លាយ ដូច្នេះពួកគេអាច ធ្វើការរាយការណ៍អំពីមាតិកាដែលក្លែងក្លាយ ឬបង្កគ្រោះថ្នាក់បាន ដើម្បីផ្ដល់ភាពងាយស្រួល ដល់ ក្រុមការងារ Facebook។

វិធានការថ្មីដែល Facebook គ្រោងនឹងដាក់ចេញសម្រាប់បណ្ដាញសង្គមរបស់ខ្លួននេះ នៅមិនទាន់ មាន ព័ត៌មានលម្អិតនោះទេ គ្រាន់តែដឹងថា វិធានការថ្មីនេះគឺនឹងតាមដានទៅលើ ការចូលចិត្តមើលទៅលើមាតិការបស់ យុវវ័យ ឬក្មេងជំទង់ បើសិនជាពួកគេចូលចិត្តមើលមាតិកានោះច្រើនដង នោះក្រុមការងារ Facebook នឹងពិនិត្យមើលថា តើមាតិកានោះអាចបង្កគ្រោះថ្នាក់ទេ បើសិនជាអាចនោះ Facebook នឹងបង្វែឱ្យពួកគេទៅលើមាតិកាផ្សេងវិញ ហើយនឹងអនុវត្តវិធានការច្បាប់ទៅលើមាតិកាដែលបង្កគ្រោះថ្នាក់នោះ។
គួរបញ្ជាក់ផងដែរថា កាលពីថ្មីៗនេះ មានសេចក្ដីរាយការណ៍មកថា Instagram ដែលជាបុត្រសម្ព័ន្ធរបស់ Facebook និងជាបណ្ដាញសង្គមយុវវ័យមួយដ៏ពេញនិយម បាន «បំពុល» យុវវ័យ ជាពិសេសក្មេងជំទង់ និងបានធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់ពួកគេថែមទៀត តាមរយៈមាតិកាជាច្រើន៕