(កូរ៉េ)៖ ខណៈខ្សែភាពយន្តភាគរបស់កូរ៉េខាងត្បូង «Squid Game» ផ្ទុះការគាំទ្រ និងនិយមទស្សនាខ្លាំងពីទស្សនិកជនទូទាំងពិភពលោក ងាកមកតារាសម្តែងក្នុងរឿងនេះ ហាក់កំពុងឡើងកូដជាបន្តបន្ទាប់ផងដែរ។ ជាក់ស្តែង តួស្រីក្នុងរឿងនេះ ដែលមានឈ្មោះពិតថា Jung Ho Yeon កំពុងតែក្លាយជាតារារះក្នុង Instagram ត្បិតថាចំនួនអ្នក Follow របស់នាងបានកើនឡើងយ៉ាងលឿន ស្ទើរមិនគួរឲ្យជឿក្នុងរយៈពេលយ៉ាងខ្លី។ ប្រការនេះ ធ្វើឲ្យនាងរកប្រាក់ចំណូលបានជិត ១០ម៉ឺនដុល្លារអាមេរិក ត្រឹមការបង្ហោះរូបផ្សព្វផ្សាយពាណិជ្ជកម្ម២ដងប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានកូរ៉េ Koreaboo។

តម្លៃខ្លួនរបស់តួស្រីក្នុងរឿង «Squid Game» គឺកញ្ញា Jung Ho Yeon បានហក់ឡើងនៅពេលនេះ គឺបន្ទាប់ពីទស្សនិកជន ដែលបានតាមដានទស្សនាភាពយន្ត ដែលនាងសម្តែង បាននាំគ្នាចូលទៅ Follow បណ្តាញសង្គម Instagram របស់នាងជាបន្តបន្ទាប់។ បើនិយាយទៅ កាលពីដើមឡើយ Instagram របស់នាង គឺមានចំនួនត្រឹម ៤០០,០០០ Follower ហើយប៉ុន្មានថ្ងៃ ក្រោយរឿង «Squid Game» ល្បី គឺ Instagram នាងមានចំនួនអ្នក Follow ហក់ដល់ជាង ១៨,៧លាននាក់ (គិតត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១) ខណៈចំនួនអ្នកតាមដានច្រើន ជាហេតុតម្លៃខ្លួន ក៏ត្រូវតែឡើងតាមនឹងផងដែរ។

ផ្អែកតាមការស្រាវជ្រាវពី Area52 ដែលទទួលបានទិន្នន័យពី Influencer Marketing Hub បានបញ្ជាក់ថា តម្លៃខ្លួនរបស់តារាស្រី Jung Ho Yeon គឺមានតម្លៃខ្ពស់ពិតមែន ពោលគឺនាងអាចទទួលបានខ្ទង់ ៤៣ ០០០ដុល្លារ ពី Post ដែលនាងបង្ហោះ នីមួយៗលើបណ្ដាញសង្គម។ ត្រឹមមួយសប្ដាហ៍កន្លងទៅ Jung Ho Yeon អាចរកបានលើសពី ៨៦,០០០ដុល្លារទៅទៀត ជាមួយនឹងរូបផ្សាយពាណិជ្ជកម្មត្រឹម២ដងប៉ុណ្ណោះ។

គួរជម្រាបថា នេះគ្រាន់តែជាតម្លៃមួយផ្នែក ដែលត្រូវបានគេបង្ហើបចេញមកប៉ុណ្ណោះ ពីការផ្សព្វផ្សាយពាណិជ្ជកម្មលើបណ្តាញ Instagram របស់ Jung Ho Yeon ខណៈកាលពីសប្តាហ៍មុន នាងក៏ត្រូវបានប្រកាសថា ក្លាយជាឯកអគ្គរដ្ឋទូតសាកលប្រចាំប្រេនដ៏ល្បី LV ផងដែរ។ ការទទួលបានជោគជ័យនៅពេលនេះ របស់ Jung Ho Yeon គឺបន្ទាប់ពីភាពយន្ត «Squid Game» ដែលនាងចូលរួមសម្តែង ផ្ទុះការគាំទ្រខ្លាំងទូទាំងពិភពលោក ពោលគីបន្ទាប់ពីបានដាក់បញ្ចាំងនៅលើ Netflix តាំងពីថ្ងៃទី១៧ ខែកញ្ញាកន្លងទៅ រហូតបោះជំហានក្លាយជាភាពយន្ត មានការចូលទស្សនាច្រើនបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ Netflix នៅគ្រប់ភាសាទាំងអស់៕