(ភ្នំពេញ)៖ កីឡាករជម្រើសជាតិប្រដាល់សកលកម្ពុជា វី សុភ័ស បានសងសឹកសិស្សច្បង ផល សុភ័ណ្ឌ បានវិញហើយ នៅលើសង្វៀន Ultimate Boxing Championship 2021 (UBC) កាលពីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ស្របពេលជំនួបបើកឆាកគូដណ្ដើមប្រាក់លាន រវាងកីឡាករជម្រើសជាតិ ប៉ះជម្រើសជាតិ កីឡាករ ទូច ដេវីត បានយកឈ្នះ សែត សារឹត ដោយពិន្ទុ ។

ក្នុងនាមគូឯកប្រចាំសប្ដាហ៍ទី៣ វី សុភ័ស និង ផល សុភ័ណ្ឌ បានធ្វើឲ្យកក្រើកសង្វៀន UBC ជាមួយការសម្រុកប្ដូរកណ្ដាប់ដៃគ្នាពេញ ៣ទឹក មុនគណៈកម្មការកាត់សេចក្ដីឲ្យ សុភ័ស ឈ្នះដោយពិន្ទុលើសិស្សច្បងទាំងប្រផិតប្រផើយ ហើយក៏ជាការសងសឹកបានសម្រេចផងដែរ បន្ទាប់ពីអ្នកទាំងពីរ ធ្លាប់ជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ កាលពីដើមឆ្នាំ២០២១ កន្លងទៅ សុភ័ស បានប្រកួតចាញ់ សុភ័ណ្ឌ ដោយពិន្ទុដូចគ្នា ។

វី សុភ័ស បានលើកឡើងថា ជ័យជម្នះខាងលើ ផ្ដើមចេញពីការខិតខំប្រឹងប្រែងហ្វឹកហាត់ តែគេនៅតែសរសើរបច្ចេកទេសរបស់សិស្សច្បង ផល សុភ័ណ្ឌ គ្រាន់តែខ្លួនមានប្រៀបកម្លាំងជាងបន្ដិច ។ យ៉ាងណាក្ដី សុភ័ស បានតាំងចិត្តនឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីត្រៀមការប្រកួតនាពេលខាងមុខ ដ្បិតរូបគេក៏ជាបេក្ខភាពគូដណ្ដើមប្រាក់លានម្នាក់លើសង្វៀន UBC នេះដែរ ពិសេសដើម្បីសម្រួចសមត្ថភាពឆ្ពោះទៅរកការប្រកួតស៊ីហ្គេមតែម្ដង ។

រីឯគូបើកឆាកដណ្ដើមប្រាក់លាន រវាងកីឡាករ ទូច ដេវីត និង សែត សារឹត វិញ បានបញ្ចប់ដោយភាពតានតឹង ។ ក្នុងនាមកីឡាករជម្រើសជាតិជាមួយគ្នា អ្នកទាំងពីរ បានខំប្រឹងអស់ពីសមត្ថភាពរៀងខ្លួន ដើម្បីដណ្ដើមជ័យជម្នះ ខណៈលទ្ធផលប្រកួត ៣ទឹកពេញ កីឡាករ ទូច ដេវីត បានយកឈ្នះ សែត សារឹត ដោយពិន្ទុ ។ សារឹត សារភាពថា ខ្លួនបណ្ដោយឲ្យឡើងទម្ងន់ ហើយត្រូវសម្រក់ភ្លាមៗ ទើបធ្វើឲ្យប៉ះពាល់ដល់សិទ្ធផលនៃការប្រកួតបែបនេះ ។

ដោយឡែកលទ្ធផលការប្រកួត ៤គូផ្សេងទៀត រួមមានគូពិសេសប្រចាំសប្ដាហ៍កីឡាករ ឈុន ប្រាក់កាក់ បានប្រកួតចាញ់កីឡាករ ថា រីវ៉ា ដោយពិន្ទុ គ្រាដែលកីឡាករ ស៊ឹម ពិសិដ្ឋ បានយកឈ្នះកីឡាករ រឿម វណ្ណៈ ដោយពិន្ទុ។ ចំណែកកីឡាករ សូផាត មេសា ប្រកួតចាញ់កីឡាករ ណន សុខលីម ដោយពិន្ទុ និងកីឡាករ លី ហ៊ាង យកឈ្នះកីឡាករ ឌឿន ចំរុង ដោយពិន្ទុដូចគ្នា ពោលគឺមិនមានគូប្រកួតឈ្នះ-ចាញ់ ដោយសន្លប់ ដូចកាលពីសប្ដាហ៍ទី១ ឡើយ ៕