(ភ្នំពេញ)៖ ក្រុមបាល់ទាត់នគរបាលជាតិ អាស៊ីអឺរ៉ុបយូណាយធីត និងក្រុមអគ្គិសនីកម្ពុជា បានបញ្ចប់បេសកកម្មរបស់ខ្លួន នៅក្នុងការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២១ ហើយ ដោយឈរចំណាត់ថ្នាក់លេខ៩ លេខ១០ និងលេខ១១ បន្ដបន្ទាប់គ្នា ស្របពេលក្រុមសូលទីឡូអង្គរ នៅសល់ឱកាសដើម្បីការពារកៅអីលីគ ឆ្នាំ២០២២ តិចបំផុត បន្ទាប់ពីប្រកួតស្មើអាស៊ីអឺរ៉ុប ០-០ ។
ចំពោះក្រុមនគរបាលជាតិ បានប្រកួតស្មើក្រុមអគ្គិសនីកម្ពុជា ២-២ ក្នុងជំនួបបញ្ចប់រដូវកាលរបស់ខ្លួន នៅកីឡដ្ឋាន 7NG កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ ។ ការប្រកួតនេះ អគ្គិសនីកម្ពុជា បានបើកការនាំមុខក្រុមម្ចាស់ផ្ទះ ២ដង ដែលរកគ្រាប់បាល់ដោយ សា ទី នៅនាទីទី៩ និង ឈឿង វីស៊ីនុ នៅនាទី៣១ តែត្រូវបាននគរបាលជាតិ វាយបកតាមស្មើវិញ ២-២ ដោយកីឡាករ សំ វ៉ាន់និត និង មុំ សុធាវ៉ាន់ នៅនាទី២៨ និងនាទី៦១ ។
រីឯជំនួបដ៏តានតឹងនៅកីឡដ្ឋាន SUR ខេត្តសៀមរាបវិញ ក្លិបរបស់លោក Keisuke Honda គឺក្រុមសូលទីឡូអង្គរ បានត្រឹមចែកគ្នា ១ពិន្ទុម្នាក់ ជាមួយក្រុមអាស៊ីអឺរ៉ុប ក្រោយរក្សាលទ្ធផលស្មើគ្នា ០-០ ពេញ ៩០នាទី ។ ជំនួបដ៏សំខាន់នេះ សូលទីឡូអង្គរ បានព្យាយាមវាយសម្រុកខ្លាំងលើក្រុមភ្ញៀវ ខណៈអាស៊ីអឺរ៉ុប ក៏បានវាយបកដើម្បីស្វែងរកជ័យជម្នះលើកដំបូង នៅជើងទី២ តែគ្មានក្រុមណាមួយ អាចបំប៉ោងសំណាញ់ទីគ្នាបានឡើយ ។
ជាមួយលទ្ធផលការប្រកួតបញ្ចប់រដូវកាលខាងលើនេះ បានធ្វើឲ្យក្រុមនគរបាលជាតិ ឈរចំណាត់ថ្នាក់លេខ៩ និងមាន ១៤ពិន្ទុ ជាមួយលទ្ធផល ១៦ប្រកួតឈ្នះ ៣ ស្មើ ៥ និងចាញ់ ៨ ខណៈអាស៊ីអឺរ៉ុប ឈរលេខ១០ មាន ១៤ពិន្ទុស្មើគ្នា ជាមួយលទ្ធផល ១៦ប្រកួតឈ្នះ ៤ ស្មើ ២ និងចាញ់ ១០ ។ រីឯក្រុមអគ្គិសនីកម្ពុជា ឈរលេខ១១ និងមាន ១៣ពិន្ទុ ក្រោយឆ្លងកាត់ ១៦ប្រកួតឈ្នះ ៣ ស្មើ ៤ និងចាញ់ ៩ប្រកួត ។
ដោយឡែកក្រុមសូលទីឡូអង្គរ បន្ទាប់ពីរកបាន ១ពិន្ទុ បានធ្វើឲ្យពួកគេ សល់ឱកាសតិចបំផុត ដើម្បីការពារកៅអីលីគកំពូលកម្ពុជា ឆ្នាំ២០២២ ដ្បិតពួកគេ កំពុងឈរបាតតារាងមាន ៧ពិន្ទុ តាមពីក្រោយខេត្តព្រៃវែង ៣ពិន្ទុ ខណៈក្រុមទាំងពីរ នៅសល់ ១ប្រកួតក្នុងដៃ ។ ដូច្នេះជំនួបជើងទី២ រវាងក្រុមទាំងពីរ សូលទីឡូអង្គរ ត្រូវការឈ្នះព្រៃវែង ៧-០ ដាច់ខាត ទើបមានសង្ឃឹមបន្ដលេងលីគឆ្នាំក្រោយ ព្រោះកាលពីជើងទី១ ព្រៃវែង បានយកឈ្នះសូលទីឡូអង្គរក្នុងដី ៦-០ ឯណោះ ៕