(ភ្នំពេញ)៖ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានឧបត្ថម្ភម៉ាស់ចំនួន ១២,៥០០ម៉ាស់ និងអាល់កុលចំនួន ៩០លីត្រ ដល់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា កាលពីចុងសប្ដាហ៍កន្លងទៅ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការបិទខ្ទប់ប្រមូលផ្ដុំហ្វឹកហាត់ក្រុមជម្រើសជាតិ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

លោក អ៊ូ រតនា ប្រធានសហព័ន្ធ បានបញ្ជាក់ថា ទោះបីអំណោយខាងលើ មិនច្រើនក៏ពិតមែន តែនេះជាទឹកចិត្តមួយរបស់សហព័ន្ធ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសអំឡុងពេលក្រុមជម្រើសជាតិ កំពុងធ្វើការបិទខ្ទប់ប្រមូលផ្ដុំហ្វឹកហាត់ នៅពហុកីឡដ្ឋានជាតិមរតកតេជោតែម្ដង។

ទន្ទឹមជាមួយការឧបត្ថម្ភម៉ាស់ និងអល់កុល សហព័ន្ធក៏បាននាំយកក្រុមហ៊ុនដៃគូសហការរបស់ខ្លួន ធ្វើការបាញ់សម្លាប់មេរោគ ទាំងកន្លែងស្នាក់នៅ កន្លែងហូបចុក និងទីលានហ្វឹកហាត់គ្រប់ប្រភេទកីឡា ក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ។ មិនតែប៉ុណ្ណោះ សហព័ន្ធក៏បានឧបត្ថម្ភសម្ភារៈមួយចំនួនដល់ក្រុមជម្រើសជាតិរបស់ខ្លួន ដែលកំពុងប្រមូលផ្ដុំហ្វឹកហាត់នៅទីនោះផងដែរ រួមមានម៉ាស៊ីនចម្រុះទឹកក្ដៅ-ទឹកត្រជាក់ មី និងភេសជ្ជៈជាដើម។

ឆ្លៀតឱកាសនោះលោក អ៊ូ រតនា បានអរគុណកីឡាករ-កីឡាការិនីទាំងអស់ ដែលបានលះបង់នូវមនោសញ្ចេតនាផ្ទាល់ខ្លួន ដើម្បីបំពេញភារកិច្ចក្នុងនាមជម្រើសជាតិ ហើយលោកក៏បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាល ដែលអនុញ្ញាតឲ្យក្រុមជម្រើសជាតិ បានប្រមូលផ្ដុំឡើងវិញ ទោះជាលក្ខណៈបិទខ្ទប់ក្ដី តែវាជាឱកាសស្ទង់ និងពង្រឹងសមត្ថភាពដ៏សំខាន់ ដើម្បីត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២២ នៅវៀតណាម និងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

គួរដឹងថា ក្រោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈអគ្គនាយកដ្ឋានកីឡា និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដោយមានកិច្ចសហការពីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានរៀបចំនូវការបិទខ្ទប់ប្រមូលផ្ដុំហ្វឹកហាត់ក្រុមជម្រើសជាតិប្រមាណ ១៩ប្រភេទកីឡា នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម ២លើកចំពោះមុខ គឺស៊ីហ្គេម លើកទី៣១ នៅវៀតណាម និងស៊ីហ្គេម លើកទី៣២ នៅកម្ពុជា៕