(ភ្នំពេញ)៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩ និងបើកប្រទេសឡើងវិញ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមសហការផ្ដល់ទីតាំងចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុង ខណ្ឌច្បារអំពៅ។

banner

ការរៀបចំយុទ្ធនាការនេះ ប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលកីឡា ផ្លាទីនីម (Platinum Sports Center) ក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ) ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៧៖០០នាទីព្រឹក រហូតដល់ម៉ោង ៥៖០០នាទីល្ងាច។

កន្លងមកចាប់ពីថ្ងៃទី២០ ខែមេសា រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ប្រជាពលរដ្ឋចំនួន២,១២៣៤នាក់ ដែលក្នុងនោះមានបុគ្គលិក កម្មករ និងជាងសំណង់បុរី ប៉េង ហួត ចំនួនជាង១ម៉ឺននាក់, ប្រជាពលរដ្ឋដែលរស់នៅក្នុង និងក្រៅបុរី ចំនួនជាង១ម៉ឺននាក់ផងដែរ បានអញ្ជើញមកទទួលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ដូសទី១ និងដូសទី២ បានរួចរាល់ នៅមជ្ឈមណ្ឌល កីឡា ផ្លាទីនីម ។

លោក ចាន់ រដ្ឋា តំណាងក្រុមហ៊ុន ប៉េង ហួត គ្រុប និងជាប្រធានផ្នែកកិច្ចការសាធារណៈ បានថ្លែងថា «នេះជាថ្ងៃទី១នៃយុទ្ធនារកា ចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញជូនប្រជាពលរដ្ឋ ក្នុងបុរីក៏ដូចជាក្នុងខណ្ឌច្បារអំពៅក្រុមហ៊ុន ប៉េង ហួត គ្រុប មានកិត្តិយស និងក្តីរីករាយក្រៃលែងដែលបានចូលរួម សហការជាមួយរាជរដ្ឋាភិបាលក្នុងការរៀបចំ និងផ្តល់ទីតាំងចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ដើម្បីជួយទប់ស្កាត់ និងកាត់បន្ថយការឆ្លងរីករាលដាល និងដើម្បីឈានទៅដល់ការបើកប្រទេសឡើងវិញ»។

លោកបានបន្ដថា «យើងខ្ញុំសូមថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ព្រមទាំងក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានខិតខំយ៉ាងយកចិត្ដទុកដាក់ ដោយមិនគិតពីភាពនឿយហត់ រហូតទទួលបានលទ្ធផលគួរជាទីមោទកភាព ដែលកម្ពុជាមានអត្រាចាក់វ៉ាក់សាំងខ្ពស់ជាងក្នុងតំបន់»

ខណៈកម្ពុជាជិតសម្រេចបាននូវការចាក់វ៉ាក់សាំងឲ្យប្រជាជនពេញវ័យ១០០% ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ យ៉ាងតិច១ដូស ដោយគិតត្រឹមថ្ងៃទី១០ ខែតុលា តែគិតត្រឹមព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ កម្ពុជាក៏មានអ្នកឆ្លងសរុប ចំនួន១១៥,០៦៨នាក់ អ្នកជាសះស្បើយចំនួន១០៨,៤០៣នាក់ និងអ្នកស្លាប់ចំនួន២,៥២៧នាក់៕