(ភ្នំពេញ)៖ ធនាគារហ្វីលីព ភីអិលស៊ី និងបុរីសុវណ្ណភូមិ បានសហការរួមគ្នា ដើម្បីពង្រីកវិស័យជំនួញ និងបង្កើនការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។

ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាផ្លូវការនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ នៅសណ្ឋាគារ Hyatt Regency Phnom Penh ក្រោមវត្តមានលោក សៅ សុខនី អគ្គនាយកបុរីសុវណ្ណភូមិ និងលោក ចាន់ ម៉ាច ជាអគ្គនាយកធនាគាររហ្វីលីព ភីអិលស៊ី។

តាមរយៈការសហការគ្នានេះ ធនាគារហ្វីលីព នឹងផ្តល់ជូននូវឥណទានគេហដ្ឋាន សម្រាប់អតិថិជនរហូតដល់ ៨៥% និងអាចរំលស់រហូតដល់២៥ឆ្នាំ ជាមួយនឹងការប្រាក់ត្រឹមតែ៨% តែប៉ុណ្ណោះដែលនេះ គឺជាយុទ្ធសាស្ត្រជួយសម្រួលដល់ការលំបាករបស់អតិថិជន ដែលត្រូវការលំនៅដ្ឋានហើយមិនស្មុគស្មាញក្នុងការតម្កល់ប្រាក់ ដើម្បីបង់រំលស់ផ្ទះនៅបុរីសុវណ្ណភូមិ ដែលជាបុរីភ្នំពេញ នៅលើបណ្ដោយផ្លូវជាតិលេខ៦A។

ថ្លែងក្នុងពិធីនេះដែរ សៅ សុខនី បានប្រកាសនៅក្នុងកម្មពិធីយ៉ាងដូច្នេះថា៖ «ដើម្បីជាឱកាសអាចជម្រាបជូនពីគម្រោងថ្មីមួយដែលជឿជាក់ថាអស់លោក លោកស្រីនឹងមានការភ្ញាក់ផ្អើល និងពេញចិត្តក៏ដូចជាអតិថិជនគោលដៅរបស់បុរីសុវណ្ណភូមិ ដែលមិនធ្លាប់គិតថាមាន ហើយឥឡូវនេះ បានមកដល់ប្រទេសកម្ពុជា តាមរយៈ បុរីសុវណ្ណភូមិនេះ គឺគម្រោង The Lakes»។

ដូចគ្នានេះផងដែរ ធនាគារហ្វីលីព ភីអិលស៊ី ក៏បានបង្ហាញពីសក្កានុពលកាន់តែខ្លាំងរបស់ខ្លួនដែលជាធនាគារធំរបស់ប្រទេសសិង្ហបុរី ដែលបានទទួលជោគជ័យ នៅក្នុងវិស័យធនាគារនៅកម្ពុជាផងដែរ៕