(ប៊ូដាប៉េស)៖ អ្នករត់ប្រណាំងជាង៣,០០០នាក់ បានចូលរួមនៅក្នុងព្រឹត្តិការណ៍រត់ម៉ារ៉ាតុង Budapest Marathon លើកទី៣៦ របស់ប្រទេសហុងគ្រី កាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍កន្លងទៅនេះ, បើទោះបីជាមានភ្លៀងធ្លាក់ និងខ្យល់ត្រជាក់ក្តី, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ។

ការរត់ប្រណាំងដែលមានចម្ងាយ៤២គីឡូម៉ែត្រនេះ ផ្នែកបុរស អ្នករត់ប្រណាំងសញ្ជាតិហុងគ្រី Peter Nagy បានមកដល់ទីផ្តាច់ព្រ័ត្រមុនគេ ដោយប្រើថេរវេលា២ម៉ោង៣៣នាទីនិង៣៧វិនាទី, ខណៈជ័យលាភីការរត់ប្រណាំងផ្នែកនារី គឺ Anna Borisenko មកពីប្រទេសរុស្ស៊ី ដែលបានមកដល់ទីផ្តាច់ព្រ័ត្រ ក្នុងរយៈពេល២ម៉ោង៥៨នាទីនិង១២វិនាទី។

សរុបមានមនុស្សជាង១៣,០០០នាក់ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ Spar Budapest Marathon លើកទី៣៦ កាលពីចុងសប្តាហ៍កន្លងទៅនេះ, ជាមួយនឹងអ្នកចូលរួមប្រមាណ១ពាន់នាក់ មកពីបណ្តាប្រទេស និងតំបន់ផ្សេងទៀត នៅក្នុងព្រឹត្តិការណ៍រយៈពេល២ថ្ងៃនេះ។

អ្នកចូលរួមជាង១៣,០០០នាក់នេះ មានការកើនឡើងជិត៣០ភាគរយ បើធៀបនឹងការរត់ប្រណាំងកាលពីឆ្នាំមុន៕