(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ក្រុមហ៊ុន Jet's food cambodia បានចុះអនុស្សរណៈយោគយល់គ្នាជាមួយសហគ្រាសកែច្នៃផលិតផ្លែឈើស្រស់ Navita ក្រោមវត្តមានលោកឧកញ៉ាស្រី ចាន់ថន និងលោក អ៊ុយ ចេងហេង នាយកសហគ្រាសកែច្នៃផលិតផ្លែឈើស្រស់ ណាវីតា។

ខ្លឹមសារនៃការចុះ MOU នេះធ្វើឡើងមានគោលបំណងសហការយោគយល់គ្នារវាងក្រុមហ៊ុន Jet’s Food Cambodia និងសហគ្រាសកែច្នៃផលិតផ្លែឈើស្រស់ ណាវីតា ដែលជាសហគ្រាសរបស់កូនខ្មែរយើងសុទ្ធសាធ ដែលកំពុងកែច្នៃផ្លែឈើគ្រប់មុខចេញទៅជាដំណាប់ បង្អែមផ្លែឈើផ្សេងៗ។

ភាគីទាំងពីរ បានចាប់ដៃរួមគ្នា សហការសិក្សាស្រាវជ្រាវ ផលិត និងកែច្នៃរាល់ផ្លែឈើ ហើយនឹងប្រមូលទិញពីប្រជាកសិករខ្មែរយើង ដែលពួកគាត់កំពុងតែដាំដុះរាប់ម៉ឺនហិតតាលើផ្ទៃដីទូទាំងប្រទេសកម្ពុជា ដើម្បីយកមកកែច្នៃ ផលិតចេញជាភេសជ្ជៈប្រភេទបង្អែមកំប៉ុង ជាដំណាប់ផ្លែឈើ ទឹកផ្លែឈើផ្សេងៗដូចជា៖ គូលែន សាវម៉ាវ ក្រូច មៀន តាង៉ែន..ជាដើម ដែលចម្រាញ់ចេញសុទ្ធពីផ្លែឈើធម្មជាតិពិតៗ អនាម័យខ្ពស់ដោយមិនដាក់សារធាតុគីមី ឬមេស្ករនោះឡើយ។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត គឺក្រុមហ៊ុន ព្រមទាំងសហគ្រាស នឹងខិតខំព្យាយាមផលិតឲ្យបានសម្រេច យ៉ាងតិចចំនួន 2,400,000កេះ ក្នុងមួយឆ្នាំសម្រាប់ផ្គត់ផ្គង់ជូនទីផ្សារក្នុងស្រុក ហើយគ្រោងនាំចេញរាប់ម៉ឺនកេះទៀតសម្រាប់យកទៅលក់នៅក្នុងទីផ្សារអន្តរជាតិ។

ក្នុងពិធីនេះលោកឧកញ៉ា ស្រី ចាន់ថន បានបញ្ជាក់ថា ការដែលក្រុមហ៊ុនធ្វើទាំងអស់ឡើង គឺដើម្បីជួយទៅដល់ការគាំទ្រលើវិស័យ កសិឧស្សាហកម្មខ្មែរយើងអោយរីកចំរើន ជួយបង្កើតទីផ្សាររបស់ប្រជាកសិករខ្មែរយើង ដែលកំពុងតែដាំដុះប្រភេទចំការផ្លែឈើ ហើយក្រុមហ៊ុនបានបោះទុនវិនិយោគចំពេលដែលផលិតផល ក៏ដូចជាផលិតផលផ្លែឈើរបស់ប្រជាកសិករត្រូវការទីផ្សារស្រាប់។ នេះជាឱកាសយ៉ាងប្រពៃសម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋាន ទទួលបានការងារធ្វើ មានប្រាក់ចំណូលក្នុងគ្រួសារឈប់ធ្វើចំណាកស្រុក និងកាត់បន្ថយភាពក្រីក្រ សមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕