(ប៉ារីស)៖ ខ្សែបម្រើវ័យក្មេង Aurelien Tchouameni របស់ក្លិបបារាំង Monaco ដែលទើបលើកពានអឺរ៉ុប UEFA Nations League 2021 ជាមួយជម្រើសជាតិបារាំង កំពុងមានការចាប់អារម្មណ៍ពីសំណាក់ក្លិបធំៗ ជាពិសេសក្លិបអេស្ប៉ាញ Real Madrid, Chelsea និង Juventus។នេះបើតាមការចេញផ្សាយដោយ Marca នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។

ក្លិប Real Madrid កំពុងមិនបោះបង់គោលការណ៍តារាឆ្នើម Kylian Mbappe ដែលរូបគេនឹងផុតកិច្ចសន្យាជាមួយក្លិប PSG នៅរដូវកាលក្រោយ ហើយ Real Madrid នឹងសង្ឃឹមថា បន្តពិភាក្សាជាមួយរូបគេនៅថ្ងៃទី០១ ខែមករា ដើម្បីទទួលបានកិច្ចព្រមព្រៀងណាមួយ មុនពេលការផ្ទេរមិនមានតម្លៃខ្លួន ខណៈកីឡាករឆ្នើមៗបច្ចុប្បន្នមាន Marcelo, Isco និង Gareth Bale ក៏នឹងផុតកិច្ចសន្យានៅពេលខាងមុខនោះផងដែរ។

ប៉ុន្តែខ្សែបម្រើវ័យ ២១ឆ្នាំ Tchouameni ក៏បានក្លាយជាគោលដៅថ្មី ក្រោយពេលរូបគេបានបង្ហាញទម្រង់លេងយ៉ាងគួរឲ្យចាប់អារម្មណ៍នៅពេលក្រុមបារាំង ប៉ះអេស្ប៉ាញនៅកីឡដ្ឋាន San Siro វគ្គផ្តាច់ព្រ័ត្រពាន Nation League បន្ទាប់ពីការអវត្តមានខ្សែបម្រើ N’Golo Kante បានធ្វើឲ្យ Tchouameni មានការចាប់អារម្មណ៍បែបនេះ។ បច្ចុប្បន្នក្លិបអេស្ប៉ាញ Real Madrid មានតែខ្សែបម្រើ Casemiro មួយគត់ដើរតួនាទីជាខ្សែបម្រើការពារលើទីលាន ដែលមានតែ Antonio Blanco ស្ថិតជាជម្រើសទី២ ដើម្បីជំនួសខ្សែបម្រើប្រេស៊ីលនៅពេលត្រូវការ។

Monaco បានចំណាយប្រាក់ ១៨លានអឺរ៉ូទិញយក Tchouameni ពីក្លិប Girondins de Bordeaux កាលឆ្នាំ២០១៩ ខណៈប្រភពពី Transfermarkt បានបង្ហាញថា រូបគេមានតម្លៃផ្ទេរកើនដល់ ៣៥លានអឺរ៉ូសម្រាប់ទីផ្សារបច្ចុប្បន្ននេះ ហើយកិច្ចសន្យារបស់គេផុតកំណត់នៅឆ្នាំ២០២៤ ហើយអ្នកអាចមកជំនួសតំណែងនៅ Monaco អាចជាកីឡាករក្លិប Sevilla គឺខ្សែបម្រើ Jules Kounde ក៏ស្ថិតជាគោលដៅក្លិបធំៗមួយចំនួនផងដែរ៕