(ភ្នំពេញ)៖ «Are you ok?» ពាក្យអ្នកដែលលេង Tik Tok ម្នាក់និយាយលេង ត្រូវបានអ្នកភ្លេងម្នាក់យកទៅ Remix ផុសលើ Tik Tok ហើយទទួលបានគាំទ្រ ពីមហាជនជុំវិញពិភពលោក ពេលនេះផលិតកម្ម Galaxy Navatra ទិញសិទ្ធិពាក្យនេះ យកទៅផលិតជាបទចម្រៀងឲ្យមានលក្ខណៈស្ដង់ដា ក្នុងតម្លៃ ១២,០០០ដុល្លារ ធ្វើឲ្យម្ចាស់ពាក្យមានលទ្ធភាពយកលុយនោះ ទៅធ្វើផ្ទះនិងជួយឪពុកម្ដាយ រួចផុតពីភាពក្រីក្រ។

បន្ទាប់ពីទទួលបានប្រាក់១២,០០០ដុល្លារ លោក ម៉ៅ វុធ ម្ចាស់សំឡេង «Are you ok?» បានសម្ដែងការសប្បាយចិត្តជាខ្លាំង ហើយលោកប្រាប់ថា ខ្លួនមិននឹកស្មានថា មានឱកាសមានលទ្ធិភាពទទួលបានប្រាក់ ចំនួនច្រើនបែបនេះឡើយ លោកនឹងយកប្រាក់នៅទៅធ្វើផ្ទះរស់នៅ ព្រមទាំងជូនឪពុកម្ដាយខ្លះ ហើយសល់មួយចំនួនទៀតទុកធ្វើដើមរកស៊ី។

បច្ចុប្បន្នផលិតកម្ម Galaxy Navatra បានផលិត MV រួចហើយ ដោយតារាចម្រៀង តន់ ច័ន្ទសីម៉ា គឺជាតារាចម្រៀងតែម្នាក់គត់ ដែលច្រៀងបទ «Are you ok?» នេះ ប៉ុន្តែដោយសារតែការផលិតនោះ មានចំណុចមួយចំនួន ត្រូវបានមហាជនរងការរិះគន់យ៉ាងចាស់ដៃ ពីអ្នកលេងលើបណ្ដាញសង្គមដោយចោទប្រកាន់ថា ប្រាសចាកក្រមសីលធម៌ ទើបអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាទៅលោក យឹម តាស្រង់ ដែលជាអ្នកគ្រប់គ្រងរបស់ផលិតកម្មឲ្យលុបចោលជាបន្ទាន់តែម្ដង ដោយតម្រូវឲ្យកែសម្រួលថតឡើងសារជាថ្មី។

គិតមកដល់ពេលនេះ បទ «Are you ok?» ត្រូវបានអ្នកនិយមលេង Tik Tok បានយក Cover រាំលេង Shears ពាសពេញពិភពលោករាប់លានវីដេអូ ដោយមិននឹកស្មានថា បទចម្រៀងរបស់ប្រទេសកម្ពុជា ទទួលបានគាំទ្រភ្លូកទឹកភ្លូកដីបែបនេះឡើយ។ ជាមួយគ្នាននេះដែរលោក ម៉ៅ វុធ ក៏បានថ្លែងអំណរគុណ ដល់អ្នកលេង Tik Tok ទាំងអស់ជុំវិញពិភពលោក ដែលបានគាំទ្រពាក្យបទ «Are you ok?» ហើយយកទៅ Cover រាំលេងយ៉ាងសប្បាយរីករាយ ធ្វើឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែខ្លាំង៕