(ភ្នំពេញ)៖ កម្ពុជាបានប្ដេជ្ញានឹងរៀបចំពិធីបើក-បិទ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ឲ្យមានលក្ខណៈពិសេស និងអស្ចារ្យ ហើយឈានទៅរកការបើកទំព័រប្រវត្តិសាស្ដ្រ និងចារក្នុងកំណត់ត្រាស៊ីហ្គេម តាមរយៈការនិពន្ធបទចម្រៀង គោរពទង់ស៊ីហ្គេមលើកដំបូង ដែលផ្ដើមពីប្រទេសកម្ពុជា ក្រោយមានការសំណូមពរពីបណ្ដាប្រទេសអាស៊ាន។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC។

ការគូសបញ្ជាក់បែបនេះ ក្រោយបញ្ចប់កិច្ចប្រជុំប្រចាំសប្ដាហ៍ របស់គណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដែលធ្វើឡើងតាមប្រព័ន្ធ Zoom ក្រោមវត្តមានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិ CAMSOC នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា កិច្ចប្រជុំនេះ បានជជែកពីរបាយការណ៍វឌ្ឍនភាពការងារលម្អិត របស់គណៈកម្មការបើក-បិទ ដែលសម្រេចបានលទ្ធផលដ៏ប្រសើរ ក្រោយការរៀបចំបានយ៉ាងលម្អិត និងច្បាស់លាស់ អំពីដំណាក់ការ នៃលំហូរកម្មវិធីនីមួយៗ ផ្ទាំងទស្សនីយភាពនៃការសម្ដែង សម្ភារៈ ភ្លេង និងចម្រៀងជាដើម ពិសេសការរៀបចំធនធានមនុស្សឲ្យត្រូវតាមជំនាញ ដើម្បីឈានទៅការអនុវត្ដប្រកបដោយប្រសិទ្ធភាព។

អ្វីដែលពិសេស គឺដំណើរឆ្ពោះទៅរកពិធីបើកព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រមួយ ដែលមានលក្ខណៈអស្ចារ្យ និងធ្វើឲ្យមានភាពទាក់ទាញខ្លាំង ហើយមានលក្ខណៈពិសេសជាងកម្មវិធីផ្សេងៗ ក្នុងនោះលោករដ្ឋមន្ដ្រី ថោង ខុន បានសង្កត់ធ្ងន់លើការរៀបចំ បទគោរពទង់របស់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (ទង់ស៊ីហ្គេម) ដែលជាសំណូមពររបស់បណ្ដាប្រទេសអាស៊ាន ដ្បិតពុំទាន់មានប្រទេសណាមួយធ្វើឡើយ។ លោក វ៉ាត់ ចំរើន បន្ថែម។

លោកបន្តថា «បណ្ដាអាស៊ានគេបានសុំឲ្យកម្ពុជា នៅពេលឯកឧត្តមបណ្ឌិត ថោង ខុន ក្លាយជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ជួយនិពន្ធ និងរៀបចំបទភ្លៀងគោរពទង់ស៊ីហ្គេម។ អ៊ីចឹងកាលណាចេញពីកម្ពុជាទៅ ក្រោមភាពជាអ្នកដឹកនាំរបស់ប្រធានប្ដូរវេន របស់ឯកឧត្តមបណ្ឌិត ថោង ខុន នឹងត្រូវបានចារចូលក្នុងកំណត់ត្រាប្រវត្តិសាស្ដ្រថា ភ្លេងស៊ីហ្គេម ឬបទគោរពទង់ស៊ីហ្គេមហ្នឹង ត្រូវបានកើតឡើងក្នុងស៊ីហ្គេមនៅកម្ពុជា»

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា «កន្លែងហ្នឹងមួយ គឺជាចំណុចពិសេស ដែលយើងនឹងព្យាយាមធ្វើឲ្យបាន ហើយជាមោទនភាពសម្រាប់ប្រទេសជាតិកម្ពុជា នៅថ្ងៃអនាគតទៀតថា កម្ពុជាពិតជាមានសមត្ថភាពដែលអាចធ្វើឲ្យអ្វីៗ មានការប្រែប្រួលចំណុចពិសេសមួយចំនួន ដូចជាការរៀបចំបទភ្លេងគោរពទង់ស៊ីហ្គេមនេះតែម្ដង»

លោក វ៉ាត់ ចំរើន បន្ថែមថា ក្នុងដំណើរឆ្ពោះទៅរកការរៀបចំនូវពិធីបើក-បិទដ៏អស្ចារ្យនេះដែរ កម្ពុជានឹងបន្ដធ្វើការជាមួយអ្នកជំនាញ។ ជាក់ស្ដែងនាខែក្រោយនេះ អ្នកជំនាញការពិសេសរបស់ចិន ផ្នែកពិធីបើក-បិទ ដែលគេហៅថា ផ្នែករៀបចំផ្ទាំងទស្សនីយភាព 3D ធំៗ នឹងមកដល់កម្ពុជា ដើម្បីធ្វើការជាមួយអ្នកបច្ចេកទេស និងមូលដ្ឋាននៃវប្បធម៌ អរិយធម៌របស់កម្ពុជា ធ្វើឲ្យបន្ស៊ីគ្នាជាមួយបច្ចេកវិទ្យាទំនើប ឲ្យក្លាយទៅជាភាពអស្ចារ្យ នៃផ្ទាំងទស្សនីយភាពក្នុងពិធីបើក-បិទស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា៕