(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបន្ដបើកវគ្គសាមគ្គីអូឡាំពិក ស្ដីពីរដ្ឋបាលកីឡា លើកទី៣ ប្រចាំឆ្នាំ២០២១ ដល់សិក្ខាកាម ដែលជាមន្ដ្រី និងគ្រូអប់រំកាយ និងកីឡា រយៈពេល ៤ថ្ងៃនៅខេត្តកែបចាប់ពីថ្ងៃទី១១-១៤ ខែតុលា។ វគ្គនេះ ឧបត្ថម្ភដោយអង្គការសាមគ្គីអូឡាំពិក (OS) ដែលរៀបចំឡើងតាមប្រព័ន្ធអនឡាញ។

លោក ឯម ហៀង ប្រធាននាយកដ្ឋានរដ្ឋបាល NOCC និងជាប្រធានគណៈគ្រប់គ្រងវគ្គបានឲ្យដឹងថា វគ្គនេះមានសិក្ខាកាមចូលរួម ២៥នាក់ ក្រោមការធ្វើបទបង្ហាញរបស់គ្រូឧទ្ទេស ៣រូបរួមមានលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC, លោកព្រឹទ្ធបុរសវេជ្ជបណ្ឌិត សុខ សារឿន ប្រធានគណៈកម្មការវេជ្ជសាស្ត្រកីឡា អម NOCC និងលោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិត នៃក្រសួងអប់រំ យុវជន និងកីឡា។

នេះគឺជាវគ្គទី៣ ក្នុងចំណោម ៤វគ្គ ដែល NOCC បានសហការជាមួយអង្គការសាមគ្គីអូឡាំពិក រៀបចំឡើងនៅក្នុងក្នុងឆ្នាំ២០២១ បន្ទាប់ពីរៀបចំ ២លើកកន្លងមកនៅរាជធានីភ្នំពេញ និងខេត្តតាកែវ។ លោកថា វគ្គនេះមានសារៈសំខាន់ណាស់ ដើម្បីបញ្ជ្រាបចំណេះដឹងរដ្ឋបាលកីឡា ក៏ដូចជាបានបញ្ជ្រាបការផ្សព្វផ្សាយដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជូនដល់សិក្ខាកាមទាំងអស់។

ប្រធានគ្រប់គ្រងវគ្គដដែលបន្ដថា «វគ្គរដ្ឋបាលកីឡានេះ ផ្តោតសំខាន់គឺខ្លឹមសារ វេជ្ជសាស្ត្រកីឡា ការធ្វើការជាមួយអ្នកស្ម័គ្រចិត្ត រៀបចំព្រឹត្តិការណ៍ រៀបចំអង្គប្រជុំ ទំនាក់ទំនង ស្ត្រី និងកីឡា ប្រវត្តិចលនាអូឡាំពិក និងរចនាសម្ព័ន្ធ អង្គការសាមគ្គីអូឡាំពិកការលេងដោយយុត្តិធម៌ ភាពជាអ្នកដឹកនាំ ផែនការកម្មវិធីហ្វឹកហាត់កីឡា និងផែនការធ្វើដំណើររបស់គណៈប្រតិភូជាដើម»

ប៉ុន្ដែក្រៅពីគោលដៅសំខាន់ៗនៃវគ្គសិក្សានេះ គ្រូឧទ្ទេសក៏នឹងបញ្ជ្រាបការផ្សព្វផ្សាយនូវគោលដៅចម្បង នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះជាប្រវត្តិសាស្ដ្រ ការប្រកួតស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាជូនដល់សិក្ខាកាមគ្រប់រាជធានី-ខេត្តផងដែរ៕