(ក្រុងឡុងដ៍)៖ លោក Frank Lampard អតីតគ្រូបង្វឹករបស់ក្លិបតោខៀវ Chelsea គឺជាគោលដៅដ៏ធំរបស់ក្លិបសារិកាព្រៃ Newcastle United សម្រាប់ជំនួសតំណែងលោក Steve Bruce ក្រោយដឹកនាំ ៧ប្រកួតមិនដែលឈ្នះសោះតាំងពីដើមរដូវកាល នៅក្របខណ្ឌកំពូលអង់គ្លេស PL និងស្ថិតនៅលេខរៀងទី១៩ ក្នុងតារាងបណ្តោះអាសន្ន។

សេចក្តីរាយការណ៍ពី Metro នៅថ្ងៃអង្គារ ទី១២ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ថា តំណែងជាគ្រូបង្វឹករបស់លោក Steve Bruce កំពុងស្ថិតក្រោមការគំរាមកំហែង ក្រោយក្លិបសារិកាព្រៃត្រូវបានលក់ទៅឲ្យមូលនិធិអារ៉ាប់ប៊ីសាអ៊ូឌីតកាលពីសប្តាហ៍មុន។ លោក Bruce បានសារភាពថា គាត់បានស្ថិតក្រោមអនាគតដែលមិនច្បាស់លាស់ ក្រោយក្លិបមានម្ចាស់ថ្មី ប៉ុន្តែទោះជាយ៉ាងនេះក្តី គាត់បានជជែកជាមួយលោកស្រី Amanda Staveley កាលពីថ្ងៃចន្ទផងដែរ។

បើតាម The Sun រាយការណ៍ថា Lampard គឺជាអ្នកប្រជែងនាំមុខគេម្នាក់ ដើម្បីជំនួស Bruce ខណៈការជជែករវាង Newcastle និង អតីតគ្រូបបង្វឹក្លិបតោខៀវអាចនឹងធ្វើឡើងនៅសប្តាហ៍នេះតែម្តង។

សេចក្តីរាយការណ៍អះអាងទៀតថា Brendan Rodgers គ្រូបង្វឹកក្លិប Leicester City និង Graham Potter គ្រូបង្វឹក Brighton ក៏ស្ថិតនៅក្នុងបញ្ជីឈ្មោះគ្រូបង្វឹកជាមួយ Lampard ផងដែរ។ សូមជម្រាបថា Lampard បានចាកចេញពីអាជីពតាំងពីត្រូវបានបណ្តេញចេញដោយក្លិប Chelsea ហើយដាក់លោក Thomas Tuchel កាលពីខែមករា ឆ្នាំ២០២១៕