(នីយ៉ុង)៖ បណ្តាប្រទេស ដែលចាប់អារម្មណ៍ ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ជើងឯកអឺរ៉ុប ឆ្នាំ២០២៨ (2028 European Championship) ត្រូវតែបញ្ជាក់ពីការដេញថ្លៃរបស់ពួកគេនៅត្រឹមខែមីនា ឆ្នាំក្រោយ, នេះបើតាមស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប UEFA បានលើកឡើងនៅថ្ងៃអង្គារ ទី១២ ខែតុលា ឆ្នាំ២០២១នេះ នៃការប្រកាសពីដំណើរការដេញថ្លៃ ព្រឹត្តិការណ៍ប្រកួត ៤ឆ្នាំម្តងនេះ។

សារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ បានឲ្យដឹងថា UEFA បានបញ្ជាក់ថា ការដេញថ្លៃរួមគ្នា ពីសមាគមជាសមាជិក នឹងត្រូវបានអនុញ្ញាត ដរាបណាប្រទេសទាំងពីរ មាន «ភូមិសាស្ត្រជាប់គ្នា»។

ប្រទេសដេញថ្លៃ នឹងត្រូវប្រកាស នៅខែមេសា ខណៈប្រទេសធ្វើជាម្ចាស់ផ្ទះ នឹងត្រូវតែងតាំង ក្នុងខែកញ្ញា ឆ្នាំ២០២៣។

តម្រូវការតិចបំផុត ក្នុងនោះត្រូវមានពហុកីឡដ្ឋានចំនួន១០, ជាមួយនឹងទីតាំងនិមួយៗត្រូវមានសមត្ថភាពផ្ទុកអ្នកទស្សនា យ៉ាងហោចណាស់៦០,០០០នាក់ និងទីលានប្រកួតចំនួន២ ដែលមានកៅអីអង្គុយ យ៉ាងហោចណាស់ ៥០,០០០កន្លែង។

គួររំលឹកថា ព្រឹត្តិការណ៍ Euro ឆ្នាំ២០២០, ដែលត្រូវបានពន្យាពេល១ឆ្នាំ ដោយសារការរាលដាលនៃជំងឺ COVID-19 នោះ, បានធ្វើឡើងនៅទូទាំង១១ទីក្រុង ក្នុងទ្វីបអឺរ៉ុប កាលពីខែមិថុនា និងកក្កដា ឆ្នាំ២០២១ ជាមួយនឹងក្រុមជម្រើសជាតិអ៊ីតាលី ឈ្នះក្រុមអង់គ្លេស ក្នុងការប្រកួតផ្តាច់ព្រ័ត្រ នៅពហុកីឡដ្ឋាន Wembley Stadium។

សម្រាប់ការប្រកួតក្នុងឆ្នាំ២០២៤ នឹងធ្វើនៅប្រទេសអាល្លឺម៉ង់ ជាម្ចាស់ផ្ទះរៀបចំការប្រកួតដែលបានយកឈ្នះប្រទេសតួកគី នៅក្នុងការបោះឆ្នោត ដោយគណៈកម្មាធិការប្រតិបត្តិ UEFA ក្នុងឆ្នាំ២០១៨៕