(លីស្បោន)៖ Cristiano Ronaldo រកគ្រាប់ស៊ុតបញ្ចូលទី ៣គ្រាប់ក្នុង ១ប្រកួត (Hat trick) លើកទី៥៨ ទាំងក្នុងជម្រើសជាតិបច្ចខែលព័រទុយហ្គាល់ និងក្លិប ក្នុងជំនួបដែលម្ចាស់ផ្ទះព័រទុយហ្គាល់លត់គូប្រជែងលុចហ្សមបួរ ៥-០ នៃវគ្គជម្រុះ FIFA World Cup 2022 ដែលមានកាតាត្រៀមធ្វើម្ចាស់ផ្ទះ។

តាមរយៈ ៣ពិន្ទុក្នុងដីនេះដែរ បានធ្វើឲ្យព័រទុយហ្គាល់រកបាន ១៥ពិន្ទុសម្រាប់ជើងទី២ នៅចាញ់ក្រុមកំពូលតារាងស៊ែប៊ី ត្រឹមតែ ១ពិន្ទុប៉ុណ្ណោះ ដ្បិតនៅសល់ ២ប្រកួតក្នុងដៃដូចគ្នានៃពូល A ដែលមាន ៥ប្រទេសរួមមាន ព័រទុយហ្គាល់ ស៊ែប៊ី លុចហ្សមបួរ សាធារណរដ្ឋអៀរឡង់ និងអាហ្សឺបៃហ្សង់។

នេះជាការធ្វើបានហែតទ្រីកលើកទី៥៨ ទាំងក្នុងក្លិបអាជីព និងជម្រើសជាតិព័រទុយហ្គាល់ ដោយមាន ២គ្រាប់កើតឡើងដោយបាល់ ១១ម៉ែត្រ និងគ្រាប់ទី៣ ដោយការតែតបញ្ចូលទី និងមិត្តរួមជាតិ Bruno Fernandes និង Joao Palhinha សុទ្ធសឹងតែរួមចំណែករកបានម្នាក់ ១គ្រាប់ដូចគ្នា។

៣គ្រាប់បន្ថែមនេះដែរ បានធ្វើឲ្យខ្សែប្រយុទ្ធមកពីក្លិបបិសាចក្រហម Manchester United វ័យ ៣៦ឆ្នាំខាងលើនេះ កើនគ្រាប់ស៊ុតឲ្យជម្រើសជាតិបាន ១១៥គ្រាប់ច្រើនជាងគេ ដែលបានវ៉ាដាច់កំណត់ត្រារបស់កីឡាករអ៉ីរ៉ង់ Ali Daei ដែលស៊ុតឲ្យជម្រើសជាតិបានតែ ១០៩គ្រាប់ប៉ុណ្ណោះ។

ក្រុមរបស់លោក Fernando Santos ត្រូវធ្វើដំណើរទៅប៉ះសាធារណរដ្ឋអៀរឡង់ក្នុងការប្រកួតបន្ទាប់ មុនពេលប៉ះក្រុមកំពូលតារាងស៊ែប៊ី ដើម្បីបិទបញ្ចប់សន្សំពិន្ទុប្រចាំពូល A៕