(អាមេរិក)៖ កម្មវិធីជជែកកម្សាន្ត WhatsApp ត្រូវបានគេដឹងថា បច្ចុប្បន្នគឺជា បណ្ដាញសង្គមមួយដែលធំលំដាប់ទី៣នៅលើពិភពលោក បន្ទាប់ពី Facebook និង YouTube ដោយថ្មីៗនេះគ្រោងនឹងដាក់បង្ហាញនូវមុខងារថ្មីមួយទៀត ពាក់ព័ន្ធនឹងការកំណត់ទៅលើការផ្ញើសារជាសំឡេង។ នេះ បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Phone Arena នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។

សារព័ត៌មាន WaBetaInfo ដែលជាអ្នកចេញផ្សាយព័ត៌មានទាក់ទងនឹងមុខងារថ្មីរបស់ WhatsApp បានឱ្យដឹងថា ក្រុមហ៊ុនដែលជាបុត្រសម្ព័ន្ធ របស់ Facebook មួយនេះកំពុងតែសាកល្បង ព្រមទាំងគ្រោងនឹងដាក់ឱ្យប្រើប្រាស់មុខងារថ្មី ដែលអស្ចារ្យ និងកាន់តែងាយស្រួលដល់អ្នកប្រើ ប្រាស់។

មុខងារថ្មីនេះគឺអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការចុចផ្អាក់ទៅលើការថតសារជាសំឡេង (stop recording a voice message) និងអាចចុច បន្ត ការថតសារជាសំឡេងនោះនៅពេលក្រោយបាន (resume recording when you wish)។ មានន័យថា នៅពេលដែលលោកអ្នកកំពុងតែ ផ្ញើសារជាសំឡេងទៅកាន់នរណាម្នាក់ តែភ្លាមនោះអ្នកមានរវល់ ដូច្នេះអ្នកអាចចុចបញ្ឈប់ការថតសារជាសំឡេងនេះសិនបាន និងបន្ទាប់មកពេល អ្នករួចរវល់ អ្នកអាចចុចបន្តការថតសារជាសំឡេងនោះវិញបាន។

ជាមួយគ្នានេះផងដែរ សិនជាអ្នកមិនចាំថា អ្នកបានថតសំឡេងសារនោះបានដល់ត្រឹមណា នោះអ្នកអាច ចុចស្ដាប់សិន មុននឹងបន្តការថតសំឡេង សារនោះ។

សម្រាប់មុខងារថ្មីនេះផងដែរ នឹងត្រូវដាក់ឱ្យប្រើប្រាស់ទាំងនៅលើ iOS និង Android ប៉ុន្តែសម្រាប់ដំណាក់កាលដំបូងប្រហែលជាមាននៅលើ Android មុន ហើយសម្រាប់ពេលវេលាជាក់លាក់នោះនៅមិនទាន់ដឹងនោះទេ។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ WhatsApp ត្រូវបានគេរាយការណ៍មកថា បាននិងកំពុងតែសាកល្បងមុខងារ Community ឬ WhatsApp Groups សម្រាប់ការជជែកកម្សាន្តជាអ្នកលក្ខណៈក្រុម និងអ្វីដែលថ្មីនោះគឺ WhatsApp បានដាក់ឱ្យប្រើប្រាស់មុខងារ ស្វែងរកបញ្ជីឈ្មោះអាជីវកម្ម Business Listing ឬ Business Directory នៅក្នុងប្រទេសប្រេស៊ីល៕