(មេនឆេស្ទើ)៖ ខ្សែការពារ Raphael Varane របស់ក្លិបបិសាចក្រហម Manchester United នៃលីគអង់គ្លេស Premier League ត្រូវអវត្តមាន ២-៣សប្តាហ៍ បន្ទាប់ពីជួបបញ្ហារបួសក្រលៀន ដែលបានកើតឡើងអំឡុងការប្រកួតពានអឺរ៉ុប Nations League 2021 បានរួមចំណែកជួយក្រុមជម្រើសជាតិបារាំង ឈ្នះពាននេះជាលើកទី១ នៅពេលយកឈ្នះក្រុមអេស្ប៉ាញវគ្គផ្តាច់ព្រ័ត្រ។

កីឡាករវ័យ ២៨ឆ្នាំសញ្ជាតិបារាំង Varane ដែលទើបផ្លាស់មកកាន់ក្លិប Man United ពីក្លិប Real Madrid កាលពីខែសីហា ទើបលេងបាន ៦ប្រកួតប៉ុណ្ណោះ ជាមួយក្លិបថ្មីនៃរដូវកាលនេះក្នុងលីគអង់គ្លេស Premier League ខណៈស្ថិតក្រោមការដឹកនាំរបស់លោក Ole Gunner Solskjaer ក៏ជួបបញ្ហាបន្ថែម បន្ទាប់ពីក្លិបបិសាចក្រហមបានបាត់បង់ខ្សែការពារឆ្នើមប្រចាំក្រុម Harry Maguire មានរបួសកំភូនជើង។

Man United បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា «ខ្សែការពារ Varane បានជួបរបួសសាច់ដុំក្រលៀននៅព្រឹត្តិការណ៍ Nations League វគ្គផ្តាច់ព្រ័ត្រ ហើយពេលនេះរូបគេកំពុងសម្រាកព្យាបាលជាមួយក្លិប និងត្រូវអវត្តមានពីរបីសប្តាហ៍ផងដែរ» គ្រាដែលក្លិបត្រូវជួបប្រជែង ៣ពិន្ទុជាមួយ Leicester City ក្នុង PL នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ និងការប៉ះជាមួយក្លិប Liverpool, Tottenham និង Manchester City រួមទាំងប្រកួតលីគធំ Champions League ទល់នឹងក្លិប Atalanta ទៀតផង៕