(ក្រុងឡុងដ៍)៖ ក្រោយលក់ទៅឲ្យមូលនិធិអារ៉ាប់ប៊ីសាអ៊ូឌីតនៅសប្តាហ៍មុន សារិកាព្រៃ Newcastle United បានក្លាយជាក្លិបអ្នកមានបំផុតនៅក្របខណ្ឌលីកកំពូលអង់គ្លេស Premier League ហើយក្លិបអ្នកមានថ្មីថ្មោងនេះ បានបង្ហើបពីគម្រោងជះលុយដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីទិញយកកីឡាករនៅលីគកំពូលអ៉ីតាលី Serie A ទៀតផង។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Marca នៅថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១។

Aaron Ramsey បានក្លាយជាកីឡាករទី១ ដែលកៀកនឹងការចង់បានរបស់ Newcastle ជាងគេ ហើយសេះបង្កង់ Juventus ក៏ពេញចិត្តក្នុងការអនុញ្ញាតឲ្យកីឡាករសញ្ជាតិវ៉េលចាកចេញនៅខែមករាខាងមុខនេះដែរ ក្រោយរូបគេបានមកទីក្រុងតូរីន ដោយគ្មានតម្លៃផ្ទេរកាលពី ៣ឆ្នាំមុន។ កីឡាករសំខាន់ៗរបស់សេះបង្កង់ ២រូបទៀតគឺ Matthijs de Ligt និង Federico Chiesa ក៏បានក្លាយជាគោលដៅក្លិបអ្នកមាននៅអង់គ្លេសនេះដែរ ប៉ុន្តែក្លិបនៅអ៉ីតាលីទំនងមិនចង់អនុញ្ញាតឲ្យតារាឆ្នើមវ័យក្មេងទាំង ២នេះចាកចេញពីកីឡដ្ឋាន Allianz Stadium នោះឡើយ។

សូម្បីតែកីឡាករនៅក្លិប AC Milan ក៏ក្លិប Newcastle តាមដានស្ថានភាពកិច្ចសន្យាជាមួយកីឡាករ Franck Kessie ទៀតដែរ។ កីឡាករសញ្ជាតិកូដឌីវ័ររូបនេះ នឹងផុតកិច្ចសន្យានៅខែមិថុនា ឆ្នាំ២០២២ ហើយក៏មិនទាន់មានការព្រមព្រៀងថ្មីនោះដែរ។ ស្របពេលជាមួយគ្នានេះ កីឡាកររបស់ក្លិប Inter Milan ដូចជា Stefan de Vrij និង Marcelo Brozovic ជាគោលដៅសក្តានុពលរបស់ Newcastle ផងដែរ។

សូមជម្រាបថា កាលពីសប្តាហ៍មុន ក្លិបលេងនៅក្របខណ្ឌលីគកំពូលអង់គ្លេស Premier League ខាងលើនេះបានព្រមព្រៀងលក់ទៅឲ្យព្រះអង្គម្ចាស់ Mohammed bin Salman នៃប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងតម្លៃ ៣០៥លានផោន បញ្ចប់រយៈពេលគ្រប់គ្រង ១៤ឆ្នាំរបស់លោក Mike Ashley ហើយឥឡូវនេះ ក្លិបសារិការព្រៃជាអ្នកមានជាងគេបំផុតនៅក្របខណ្ឌអង់គ្លេស ដែលមានទឹកប្រាក់ ៤៣៥ពាន់លានដុល្លារ៕