(ភ្នំពេញ)៖ ពិធីការិនីសម្បូរវោហាស័ព្ទ និងភាពក្រម៉ិចក្រម៉ើមមិនចេះរីងស្ងូត អ្នកនាង ខៀវ សានសាណា បន្ទាប់ពីការងារលើវិថីសិល្បៈ ហាក់ទទួលបានថ្លែផ្កាយ៉ាងល្អរួចមក នៅពេលនេះស្រាប់តែនាង មកទទួលបាននូវតំណែងថ្មីក្នុងការងារជួយដល់សង្គមមួយទៀត គឺត្រូវបានជ្រើសរើសឲ្យក្លាយជាទូតសុឆន្ទៈ «មូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩» ខណៈនៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ រូបនាងបានអញ្ជើញជាតំណាង ដើម្បីធ្វើជាសក្ខីភាព កិច្ចព្រមព្រៀងចុះហត្ថលេខា ទទួលអំណោយជាបរិក្ខាពេទ្យ គិតជាទឹកប្រាក់ប្រមាណ ១០ម៉ឺនដុល្លារ ពីសំណាក់សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដើម្បីជួយដល់មន្ទីរពេទ្យបង្អែកចតុមុខ។

ថ្លែងប្រាប់ Fresh News Plus ពិធីការិនីនៅតែរក្សាបានសម្រស់ស្រស់ស្អាត និងប្រជាប្រិយភាព ខៀវ សានសាណា បានថ្លែងប្រាប់ឲ្យដឹងថា តាមការពិតទៅរូបនាងទទួលបានតំណែង ជាទូតសុឆន្ទៈមូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩នេះ មានរយៈពេលជាង១ខែមកហើយ ប៉ុន្តែទើបតែថ្ងៃប៉ុណ្ណោះ ដែលនាងបង្ហាញមុខជាផ្លូវការ ព្រោះត្រូវមានភារកិច្ចការងារតំណាងលោកប្រធាន ដើម្បីចូលរួមទទួលយកអំណោយពីសប្បុរសជន។ នាងពិតជាសប្បាយរីករាយណាស់ ដែលបានទទួលតំណែងក្នុងការងារជួយដល់សង្គមជាតិ ជាពិសេសគឺការងារប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ នេះតែម្ដង។

ពិធីការិនី ខៀវ សានសាណា បានបន្ថែមទៀតថា មុននឹងទទួលបានតំណែងជាទូតសុឆន្ទៈនេះ កន្លងមករូបនាងក៏មានសកម្មភាពការងារសង្គមច្រើនមកហើយដែរ ប៉ុន្តែនាងមិនសូវផ្សព្វផ្សាយឲ្យទូលំទូលាយនោះទេ។ ខៀវ សានសាណា បង្ហាញអារម្មណ៍ថា នាងពិតជាសប្បាយចិត្តណាស់ ដែលចូលរួមជួយដល់កិច្ចការសង្គមជាតិ តាមរយៈតំណែងមួយនេះ។ គិតរហូតមកដល់ពេលនេះ អាចចាត់ទុកថា ការងារសិល្បៈរបស់នាងទទួលជោគជ័យ ហើយការងារជំនួញក៏ទទួលបានជោគជ័យ ដូច្នេះដល់ពេលវេលាមួយ ដែលនាងគួរតែចំណាយធនធានផ្ទាល់ខ្លួន និងពេលវេលាខ្លះជួយដល់កិច្ចការងារសង្គម ហើយសង្ឃឹមថា តាមរយៈមូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩ នាងនឹងមានឱកាស បានជួយដល់ការងារសង្គមច្រើនជាងមុន។

សូមបញ្ជាក់ថា មូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩ គឺមានលោក ហោ សេរីវឌ្ឍន៍ ជាប្រធានមូលនិធិ ប៉ុន្តែនៅថ្ងៃនេះដោយសារតែលោកប្រធានមានភារកិច្ចជាប់រវល់ ទើបចាត់ឲ្យពិធិការិនី ខៀវ សានសាណា ជាទូតសុឆន្ទៈ និងលោក តាំង ជុងលី ដើម្បីធ្វើជាសក្ខីភាព កិច្ចព្រមព្រៀងចុះហត្ថលេខាទទួលអំណោយជាបរិក្ខាពេទ្យ គិតជាទឹកប្រាក់ប្រមាណ ១០ម៉ឺនដុល្លារអាមេរិក ពីសំណាក់សមាគមនិកាយសាសនាចក្រ នៃព្រះយេស៉ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដើម្បីជួយដល់មន្ទីរពេទ្យបង្អែកចតុមុខ៕