(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា បានឡើងទៅវគ្គជម្រុះជុំទី៣ នៃពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup China 2023 ដោយស្ថិតក្នុងប្រអប់ទី៤ (POT-4) ជាមួយបេក្ខភាព ៥ក្រុមផ្សេងទៀត បន្ទាប់ពីយកឈ្នះក្រុមកោះហ្គាំរបស់សហរដ្ឋអាមេរិកទាំង ២ជើងក្នុងលទ្ធផល ៣-១ នៅប្រទេសបារ៉ែន។

ប៉ុន្ដែជំនួបកាត់សេចក្ដីជើងទី២ នៃវគ្គ Play-Off ជាមួយកោះហ្គាំយប់មិញ បានបន្សល់ទុកនូវរឿងរ៉ាវគួរចាប់អារម្មណ៍មួយចំនួន ជាក់ស្ដែងជម្រើស ១១នាក់ដំបូងត្រូវបានលោក Keisuke Honda ផ្លាស់ប្ដូរ ៤រូប បើធៀបនឹងជើងទី១ ដោយតំណែង ចាន់ វឌ្ឍនាកា ត្រូវជំនួសដោយ ណារ៉ុង កក្កដា ខណៈទីតាំង សឿយ វិសាល, គួច សុកុម្ភៈ និងអ្នកចាំទី កែវ សុខសិលា ត្រូវបានជំនួសដោយ សេត រ៉ូស៊ីប, សរ រតនា និង ហ៊ុល គឹមហ៊ុយ។

តែជម្រើស ១១នាក់ដំបូងដែលសម្បូរដោយធនធានកីឡាករវ័យក្មេងត្រូវបានគេមើលឃើញថា ធ្វើពុំបានល្អនោះទេសម្រាប់ទម្រង់លេងនៅវគ្គទី១ ផ្ទុយទៅវិញត្រូវបានកោះហ្គាំដាក់សម្ពាធ និងរកបាន ១គ្រាប់មុនទៀតផង។ តែចូលវគ្គទី២ ក្រោយការប្ដូរខ្សែប្រយុទ្ធ កែវ សុខផេង ចូលជំនួស ណារ៉ុង កក្កដា បានធ្វើឲ្យស្ថានភាពលេងកម្ពុជាមានការប្រែប្រួលល្អប្រសើរវិញ គួបផ្សំជាមួយការផ្លាស់ប្ដូរយុទ្ធសាស្ដ្រលេងរបស់លោក Honda។

កែវ សុខផេង ត្រូវបានគេចាត់ទុកជាកីឡាករកែប្រែយុទ្ធសាស្ដ្រលេងនៅវគ្គទី២ ពិសេសតំបន់ប្រយុទ្ធ បន្ទាប់ពីប្ដូរចូល ជាក់ស្ដែងក្រោយលេងបាន ៤នាទី កីឡាករក្លិបវិសាខារូបនេះបានបញ្ជូនបាល់ឲ្យ សុះ ស៊ូហាណា រកគ្រាប់តាមស្មើ ១-១ នៅនាទី៤៩ មុន កែវ សុខផេង រត់យ៉ាងលឿនឆក់បាល់បានពីអ្នកចាំទី Dallas Jaye ហើយស៊ុតយ៉ាងល្អនៅនាទី៥៥ ដែលជាគ្រាប់ជ័យជម្នះជួយឲ្យក្រុមគោព្រៃកម្ពុជា ធានាកៅអីវគ្គជម្រុះទី៣ តែម្ដង។

រីឯរឿងរ៉ាវដែលអ្នកគាំទ្រមួយចំនួនមានការភ្ញាក់ផ្អើលបំផុត មុនការប្រកួតចាប់ផ្ដើមនោះ គឺការអវត្តមានរបស់ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ដែលរកបានគ្រាប់បាល់ជ័យជម្នះ ១-០ ឲ្យកម្ពុជាកាលពីជើងទី១ ដោយសូម្បីកៅអីបម្រុងក៏គ្មានឈ្មោះដែរ។ ពាក់ព័ន្ធនឹងការអវត្តមានរបស់សមាជិកក្រុមនាគខៀវបឹងកេតនេះ ត្រូវប្រភពស្និទ្ធស្នាលក្រុមគោព្រៃបានបង្ហើបយ៉ាងខ្លីថា នេះគឺជាការសម្រេចចិត្តរបស់ក្រុមការងារគ្រូបង្វឹក...!។

ក្រោយទម្លាក់កោះហ្គាំ ក្នុងលទ្ធផល ៣-១ កម្ពុជាបានឡើងទៅបង្គ្រប់កៅអី ២៤ក្រុមនៃវគ្គជម្រុះជុំទី៣ ពានរង្វាន់ជើងឯកទ្វីបអាស៊ីនេះដោយស្ថិតក្នុង POT-4 ជាមួយក្រុមឥណ្ឌូនេស៊ី ដែលឆ្លងផុតវគ្គ Play-Off ដូចគ្នា រួមជាមួយនេប៉ាល់, ម៉ុងហ្គោលី, បង់ក្លាដេស និងស្រីលង្កា។ ចំណែកប្រអប់ ឬ POT ៣ផ្សេងទៀត គឺមាន ៦ក្រុមក្នុង POT នីមួយៗដូចគ្នា ដើម្បីធ្វើការចាប់ឆ្នោតបន្ដការប្រកួតជម្រុះជុំទី៣ នាខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ។

សូមរំឮកថា បន្ទាប់ពីយកឈ្នះកោះហ្គាំទាំង ២ជើង និងឡើងទៅវគ្គបន្ដ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហោះសារចូលរួមអបអរសាទរក្រុមគោព្រៃកម្ពុជាភ្លាមៗថា «ខ្ញុំសូមអបអរសាទរចំពោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជ័យជម្នះលើក្រុមកីឡាករក្រុមកោះហ្គាំរបស់អាមេរិក ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះ Play-Off នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន និងសូមឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជាដែលឈ្នះលើការប្រកួតនេះចំនួន ១០០,០០០$ (ដប់ម៉ឺនដុល្លារអាមេរិក) ដើម្បីជាការលើកទឹកចិត្ត ហើយថវិការនេះសូមទទួលពីឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា»

បន្ថែមលើនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានថ្លែងកោតសរសើរលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាផងដែរថា «ខ្ញុំសូមកោតសរសើរចំពោះលោក Honda ដែលបានដឹកនាំក្រុមកីឡាករជម្រើសជាតិកម្ពុជាទទួលបានជោគជ័យនេះ»