(បរទេស)៖ លោក Khabane Lame គឺជាបុរសម្នាក់ ដែលរស់នៅក្នុងប្រទេសអ៉ីតាលី និងត្រូវបានមនុស្សទូទាំងពិភពលោកស្គាល់ តាមរយៈបណ្តាញសង្គម TikTok។ បើនិយាយទៅ រាល់វីដេអូរបស់លោក គឺជាការធ្វើត្រាប់តាម ធ្វើតែកាយវិកាប៉ុណ្ណោះ និងមិននិយាយស្តីសូម្បីតែមួយម៉ាត់។ ពីមនុស្សបាត់បង់ការងារ ដោយសារតែវិបត្តិកូវីដ-១៩ លោក Khabane Lame បានបង្វែរមកលេងបណ្តាញសង្គម រហូតជាប់ឈ្មោះជាបុរស ដែលមានប្រជាប្រិយភាពបំផុត និងរកលុយបានប្រចាំខែប្រមាណ២០ម៉ឺនដុល្លារ។

ថ្មីៗនេះសារព័ត៌មាន CNN បានធ្វើការចុះផ្សាយពីបុរសរូបនេះ និងបានបង្ហាញថា កាលពីដើមឡើយ អំឡុងពេលប្រទេសអ៉ីតាលី កំពុងរងការវាយប្រហារដោយជំងឺកូវីដ-១៩ លោក Khabane Lame បានបាត់បង់ការងារនៅក្នុងរោងចក្រមួយកន្លែងជិតទីក្រុង Turin ភាគខាងជើងប្រទេស។ តាំងពីនោះមក ពីមួយថ្ងៃទៅមួយថ្ងៃ លោកបានចំណាយពេលនៅក្នុងផ្ទះរបស់ឪពុកម្តាយគាត់ និងមានបងប្អូនសាច់ញាតិមួយចំនួននៅទីនោះ ហើយក៏ស្វែងរកការងារធ្វើផងដែរ។ ថ្ងៃមួយលោកចាប់ផ្តើមទាញយកកម្មវិធី TikTok និងបានលេងបណ្តាញសង្គមមួយនេះនៅក្នុងបន្ទប់គេងរបស់គាត់ ខណៈគណនីរបស់លោក គឺប្រើឈ្មោះថា «Khaby Lame»។

ជំហានដំបូងនៃការលេង TikTok លោកបានបង្កើតវីដេអូរាំ និងវីដេអូហ្គេម និងលេងកំប្លែងជាដើម។ ក្រោយមក នៅដើមឆ្នាំ២០២១នេះ លោកបានចាប់ផ្ដើមបង្កើតវីដេអូ ធ្វើទឹកមុខបែបកំប្លែងស្ងួត តាមរយៈវីដេអូដែលបង្ហាញអំពីដំណោះស្រាយនានាក្នុងជីវិតរស់នៅប្រចាំថ្ងៃ (life-hack videos) ដោយលោកបានធ្វើកាយវិកាគ្រវីក្បាល និងមិននិយាយស្តីអ្វីទាំងអស់សូម្បីមួយម៉ាត់។ ស្តាប់ទៅលោកហាក់ខុសប្លែកពីអ្នកលេងបណ្តញសង្គម TikTok ដទៃទៀត ព្រោះតែការមិននិយាយស្តីនេះឯង។

បច្ចុប្បន្ន លោក Khabane Lame បានជាប់ឈ្មោះជាបុរសដែលមានប្រជាប្រិយភាពបំផុតក្នុងបណ្តាញសង្គម TikTok ដែលមានអ្នកតាមដានចំនួន ១១៥.៧លាននាក់ (គិតត្រឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១)។ បើតាមការសន្និដ្ឋានរបស់ក្រុមអ្នកជំនាញ តារា TikTok រូបនេះអាចរកប្រាក់ចំណូលបានពីបណ្តាញសង្គមមួយនេះ តាមរយៈការថតផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុននានា គឺសរុបបានចំនួនប្រមាណ២០ម៉ឺនដុល្លារអាមេរិក ជាប្រចាំខែ៕