(ភ្នំពេញ)៖ ខ្សែប្រយុទ្ធឆ្នើមក្រុមគោព្រៃកម្ពុជា កែវ សុខផេង បានសម្ដែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់ លើកទឹកចិត្ត និងឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup China 2023 Qualifiers (Play-Off) ជាមួយកោះហ្គាំនៅប្រទេសបារ៉ែនកាលពីថ្មីៗ។

កែវ សុខផេង បានបង្ហោះសារថ្លែងអំណរគុណលើបណ្ដាញសង្គមផ្ទាល់ខ្លួននៅរសៀលថ្ងៃពុធនេះថា «ខ្ញុំបាទ សូមគោរពអរគុណសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសក្រុមកីឡាករនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានជ័យជម្នះ និងសូមគោរពអរគុណសម្តេចនូវទឹកចិត្តដ៏ល្អរបស់សម្តេច ចំពោះការលើកទឹកចិត្តដល់ក្រុមកីឡាករជម្រើសជាតិ។ ខ្ញុំបាទសូមគោរពជូនពរសម្តេច សូមមានសុខភាពល្អ កម្លាំងមាំមួន ព្រះជន្មាយុយឺនយូរ ដើម្បីជាភាពកក់ក្តៅដល់បងប្អូនប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា»។

ការថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាលពីសំណាក់កីឡាករល្អប្រចាំការប្រកួតជើងទី២ នេះ ក្រោយសម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារចូលរួមអបអរសាទរ និងប្រកាសឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ លើកទឹកចិត្តដល់ក្រុមជម្រើសជាតិកម្ពុជាភ្លាមៗ បន្ទាប់ពីក្រុមគោព្រៃកម្ពុជា បានបន្ដយកឈ្នះក្រុមកោះហ្គាំ ដោយលទ្ធផល ២-១ ក្នុងជំនួបជើងទី២ កាលពីយប់មិញ ដើម្បីធានាកៅអីវគ្គជម្រុះជុំទី៣ នៃពានរង្វាន់ AFC Asian Cup China 2023 ជាមួយលទ្ធផលសរុប ២ជើង កម្ពុជា ឈ្នះក្រុមកោះចំណុះអាមេរិកនេះ ៣-១។

សម្រាប់ដំណើរឆ្ពោះទៅវគ្គបន្ដ ក្រុមជម្រើសជាតិកម្ពុជាបានស្ថិតចូលក្នុងប្រអប់ទី៤ (POT-4) ជាមួយនេប៉ាល់, ម៉ុងហ្គោលី, បង់ក្លាដេស ស្រីលង្ការ និងក្រុមឡើងមកពីវគ្គ Play-Off ដូចគ្នា គឺឥណ្ឌូនេស៊ី ដើម្បីចាប់ឆ្នោតជាមួយ POT ចំនួន ៣ផ្សេងទៀត ដែលក្នុង POT នីមួយៗមាន ៦ក្រុមដូចគ្នា ហើយបែងចែកជា ៦ពូល ក្នុងមួយពូលមាន ៤ក្រុម ដើម្បីបន្ដការប្រកួតជម្រុះរកក្រុមខ្លាំងឡើងទៅជុំផ្ដាច់ព្រ័ត្រនៅប្រទេសចិន នាឆ្នាំ២០២៣។

ចំពោះការប្រកួតជម្រុះជុំទី៣ នឹងចាប់ផ្ដើមនាខែកុម្ភៈ ឆ្នាំ២០២២ ហើយក្រុមឈរលេខ១ នៃពូលទាំង៦ រួមជាមួយក្រុមលេខ២ ល្អជាងគេចំនួន ៥ក្រុម នឹងទទួលបានសិទ្ធិកក់សំបុត្រយន្ដហោះទៅប្រកួតជុំផ្ដាច់ព្រ័ត្រនៅប្រទេសចិន ដែលមានបេក្ខភាព ១៣ក្រុមកំពុងឈរចាំមុនរួមមានម្ចាស់ផ្ទះចិន, ស៊ីរី, អូស្ដ្រាលី, អ៊ីរ៉ង់, អារ៉ាប៊ីសាអ៊ូឌីត, កាតា, ជប៉ុន, អារ៉ាប់រួម, កូរ៉េខាងត្បូង, អ៊ីរ៉ាក់, អូម៉ង់, វៀតណាម និងលីបង់។ ការប្រកួតជុំផ្ដាច់ព្រ័ត្រ ឬវគ្គ ២៤ក្រុមចុងក្រោយ គ្រោងប្រកួតពីថ្ងៃទី១៦ ខែមិថុនា ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ៕