(រ៉ូម)៖ កីឡាករខ្សែការពារ Theo Hernandez ត្រូវបានគេធ្វើតេស្តរកឃើញវិជ្ជមាន COVID-19 នៅក្នុងពេលវិលត្រឡប់ ពីការបំពេញតួនាទីអន្តរជាតិរបស់លោក ជាមួយនឹងក្រុមជម្រើសជាតិបារាំង, នេះបើតាមការបញ្ជាក់ពីក្លិប AC Milan របស់អ៊ីតាលី ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ។

ខ្សែការពារផ្នែកខាងឆ្វេងរូបនេះ បានចាប់ផ្តើមការប្រកួតទាំងពីររបស់បារាំង នៅការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Nations League Finals ក្នុងប្រទេសអ៊ីតាលី, ដោយស៊ុតបាល់បញ្ចូលទីបានមួយគ្រាប់ និងជួយឲ្យរកគ្រាប់បាល់បានមួយគ្រាប់ ខណៈក្រុមម្ចាស់ជើងឯកពិភពលោកនេះ បានផ្តួលក្រុមបែលហ្ស៊ិកនិងអេស្ប៉ាញ ដើម្បីលើកពាន។

«Hernandez ត្រូវបានរកឃើញថាវិជ្ជមាន ក្នុងការធ្វើតេស្តនៅផ្ទះ។ អាជ្ញាធរសុខាភិបាលក្នុងតំបន់ ដែលជាប់ពាក់ព័ន្ធ បានអះអាងពីលទ្ធផល ហើយថាកីឡាករមានសុខភាពធម្មតា», នេះបើតាមគេហទំព័ររបស់ក្លិប Milan។

Hernandez គឺជាកីឡាករទី២ហើយ នៃសមាជិកក្រុមជម្រើសជាតិបារាំង ដែលវិជ្ជមាន COVID-19 កាលពីសប្តាហ៍មុន, បន្ទាប់ពីខ្សែបម្រើក្លិប Juventus កីឡាករ Adrien Rabiot បានខកខានការប្រកួតផ្តាច់ព្រ័ត្រ បន្ទាប់ពីរកឃើញវិជ្ជមាន កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។

Hernandez គឺជាកីឡាករសំខាន់មួយរូប របស់ក្លិប Milan ក្នុងរដូវកាលនេះ, បានបង្ហាញខ្លួន៩ប្រកួត នៅក្នុងការប្រកួតទាំងអស់ ហើយព័ត៌មានរកឃើញវិជ្ជមាននេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើល នៅមុនពេលការមមាញឹក ជាមួយការប្រកួត សម្រាប់ក្រុម។

ក្លិបក្រោមការដឹកនាំរបស់លោក Stefano Pioli, ដែលកំពុងឈរនៅលំដាប់ទី២ ក្នុងលីគ Serie A របស់អ៊ីតាលីនេះ, នឹងត្រូវប៉ះជាមួយក្រុម Hellas Verona និងក្រុម Bologna នៅចុងសប្តាហ៍ ចំនួន២ខាងមុខ៕