(ភ្នំពេញ)៖ លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាបានលើកឡើងថា «ថ្ងៃនេះយើងឈ្នះ យើងអាចអបអរជ័យជំនះនេះ ប៉ុន្ដែសូមកុំមានអារម្មណ៍ថាយើងគ្រប់គ្រាន់ ឬពេញចិត្តជាមួយនឹងលទ្ធផលឈ្នះហ្គាំនេះ ព្រោះយើងមិនទាន់ឈ្នះប្រទេសខ្លាំងៗក្នុងតំបន់នៅឡើយទេ»។

ការគូសបញ្ជាក់បែបនេះ បន្ទាប់ពីក្រុមគោព្រៃកម្ពុជាបានវាយបកយកឈ្នះកោះហ្គាំរបស់សហរដ្ឋអាមេរិក ដោយលទ្ធផល ២-១ ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup China 2023 Qualifiers (Play-Off) នៅប្រទេសបារ៉ែនកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នេះ។

អតីតសមាជិកក្រុមសាំម៉ូរ៉ៃជប៉ុនខាងលើបានបន្ថែមថា «យើងទាំងអស់គ្នាគួរមានអារម្មណ៍ថា មិនគ្រប់គ្រាន់ ត្រូវប្រឹងប្រែងបន្ថែមទៀត ដើម្បីអភិវឌ្ឍខ្លួនឲ្យប្រសើរជាងនេះ ទើបយើងអាចប្រកួតប្រជែងជាមួយប្រទេសផ្សេងៗ បាន។ យើងត្រូវចេះគ្រប់គ្រងខ្លួនឯង អ្នកទាំងអស់គ្នា អាចអបអរថ្ងៃនេះ ហើយថ្ងៃស្អែកយើងត្រូវគិត និងរៀបចំខ្លួនបន្ទាប់ទៀត»។

ទោះជាបែបនេះក្ដី លោក Honda នៅតែកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់កូនក្រុមរហូតអាចទម្លាក់កោះហ្គាំឡើងទៅវគ្គជម្រុះជុំទី៣ នៃពានរង្វាន់ AFC Asian Cup China 2023។ លោកថា «ខ្ញុំក៏សូមកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់កីឡាករយើង ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពសម្រាប់ការប្រកួតនេះ ទោះបីជាយើងមានបញ្ហាប្រឈមជាច្រើន តែយើងអាចជំនះវាបាន»។

សម្រាប់ដំណើរឆ្ពោះទៅវគ្គបន្ដ ក្រុមគោព្រៃកម្ពុជា គឺស្ថិតក្នុងប្រអប់ទី៤ (POT-4) ជាមួយនេប៉ាល់, ម៉ុងហ្គោលី, បង់ក្លាដេស ស្រីលង្ការ និងឥណ្ឌូនេស៊ី ដែលឡើងមកពីវគ្គ Play-Off ដូចគ្នា ដើម្បីចាប់ឆ្នោតជាមួយ POT ចំនួន ៣ផ្សេងទៀត ដែល POT នីមួយៗមាន ៦ក្រុមដូចគ្នា ហើយបែងចែកជា ៦ពូល ក្នុងមួយពូលមាន ៤ក្រុម ដើម្បីបន្ដការប្រកួតជម្រុះរកក្រុមខ្លាំងឡើងទៅជុំផ្ដាច់ព្រ័ត្រនៅប្រទេសចិននាឆ្នាំ២០២៣។

ចំពោះការប្រកួតជម្រុះជុំទី៣ នឹងចាប់ផ្ដើមនាខែកុម្ភៈ ឆ្នាំ២០២២ ហើយក្រុមឈរលេខ១ នៃពូលទាំង៦ រួមជាមួយក្រុមលេខ២ ល្អជាងគេចំនួន ៥ក្រុម នឹងទទួលបានសិទ្ធិកក់សំបុត្រយន្ដហោះទៅប្រកួតជុំផ្ដាច់ព្រ័ត្រ នៅចិន ដែលមានបេក្ខភាព ១៣ក្រុម កំពុងឈរចាំរួមមានម្ចាស់ផ្ទះចិន, ស៊ីរី, អូស្ដ្រាលី, អ៊ីរ៉ង់, អារ៉ាប៊ីសាអ៊ូឌីត, កាតា, ជប៉ុន, អារ៉ាប់រួម, កូរ៉េខាងត្បូង, អ៊ីរ៉ាក់, អូម៉ង់, វៀតណាម និងលីបង់។ ការប្រកួតជុំផ្ដាច់ព្រ័ត្រ ឬវគ្គ ២៤ក្រុមចុងក្រោយ គ្រោងប្រកួតពីថ្ងៃទី១៦ ខែមិថុនា ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ៕