(ណៃរ៉ូប៊ី)៖ អត្តពលិករត់ប្រណាំងរយៈចម្ងាយឆ្ងាយ នាង Agnes Tirop, ដែលជាម្ចាស់មេដាយសំរឹទ្ធ ជើងឯកពិភពលោក (World Championship) ចំនួន២លើក របស់កេនយ៉ានោះ, ត្រូវបានគេរកឃើញថា ត្រូវបានគេចាក់សម្លាប់ នៅផ្ទះរបស់នាង, នេះបើតាមការបញ្ជាក់ ពីស្ថាប័នគ្រប់គ្រងអត្តពលិកកេនយ៉ា (Athletics Kenya) ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ។

អត្តពលិកវ័យ២៥ឆ្នាំរូបនេះ បានតំណាងប្រទេសកេនយ៉ា ក្នុងវិញ្ញាសារត់ប្រណាំងរយៈចម្ងាយ៥,០០០ម៉ែត្រ នៅព្រឹត្តិការណ៍ Tokyo Olympics និងបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ បន្ទាប់ពីប្រើរយៈពេល១៤នាទី៣៩.៦២វិនាទី។

«Tirop ត្រូវបានគេរកឃើញស្លាប់ នៅផ្ទះរបស់នាង នៅតំបន់ប្រជុំជន Iten បន្ទាប់ពីនាងត្រូវគេចោទប្រកាន់ថា ត្រូវបានចាក់សម្លាប់ ដោយប្តីរបស់នាង។ យើងបាននឹងកំពុងធ្វើការ ដើម្បីស្វែងរកការពិតបន្ថែមទៀត ជុំវិញការស្លាប់របស់នាង», នេះបើតាម Athletics Kenya បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

គួររំលឹកថា កាលពីខែមុន, Tirop បានបំបែកឯតទគ្គកម្មពិភពលោក ដែលជាស្ត្រីម្នាក់ប៉ុណ្ណោះ រត់ចម្ងាយ១០គីឡូម៉ែត្រ នៅប្រទេសអាឡឺម៉ង់ ដោយប្រើពេលវេលា៣០នាទី និង០១វិនាទី លឿនជាង២៨ វិនាទី ពីកំណត់ត្រាចាស់ ដែលធ្វើឡើងដោយអត្តពលិក Asmae Leghzaoui ជនជាតិម៉ារ៉ុក កាលពីឆ្នាំ២០០២។

Tirop បានឈ្នះមេដាយសំរិទ្ធ ក្នុងព្រឹត្តិការណ៍ World Championships ឆ្នាំ២០១៧ និង២០១៩ ក្នុងព្រឹត្តិការណ៍ចម្ងាយ១០,០០០ម៉ែត្រ ហើយក៏បានឈ្នះ ក្នុងព្រឹត្តិការណ៍ World Cross Country Championships ឆ្នាំ២០១៥ផងដែរ៕