(អាមេរិក)៖ Facebook បច្ចុប្បន្នគឺជាបណ្ដាញសង្គមយក្សដែលមានអ្នកប្រើប្រាស់ច្រើនជាងគេបំផុតនៅលើពិភពលោក និងបានធ្វើការ Update នូវមុខងារថ្មីៗជាច្រើនដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ជាក់ស្ដែងមុខងារ «Audio» ត្រូវបាន Facebook ប្រកាស បង្ហាញកាលពីឆ្នាំ២០២០ និងឥឡូវនេះត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅលើ Facebook App។

មុខងារ «Audio» គឺត្រូវបានបង្កើតឡើងសម្រាប់ផ្ដល់ភាពងាយស្រួលដល់ Creators ទាំងឡាយណាដែលចូលចិត្តបង្កើតវេទិកាជាសំឡេង ដូចជាការចាក់ផ្សាយសារអប់រំ, ការធ្វើសមាធិ...ជាសំឡេង និងសម្រាប់អ្នកប្រើប្រាស់ចូលចិត្តសារជាសំឡេង។

តំណាងក្រុមហ៊ុន Facebook បានបញ្ជាក់ថា មុខងារ «Audio» ត្រូវបានដាក់ឱ្យប្រើជាផ្លូវការសម្រាប់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក តាមរយៈ Facebook App ចំណែកនៅតាមតំបន់ផ្សេងៗនៅមិនទាន់ដាក់ឱ្យប្រើជាផ្លូវការនោះទេ ព្រោះតែថា នៅសហរដ្ឋអាមេរិកមាន Creators ជាច្រើនបាននិងកំពុងតែបង្កើតមាតិការបស់ខ្លួនពាក់ព័ន្ធនឹងមុខងារ ហើយក៏មានអ្នកប្រើប្រាស់ជាច្រើនចូលចិត្តមុខងារមួយនេះ ផងដែរ ដោយឡែកសម្រាប់តំបន់ផ្សេងៗហាក់មិនសូវមានការចូលចិត្តទៅលើមុខងារនេះឡើយ ប៉ុន្តែ Facebook នឹងដាក់ឱ្យប្រើជាផ្លូវការ នៅទូទៅពិភពលោកនាពេលឆាប់ៗនេះផងដែរ។

ដើម្បីទទួលបានមុខងារ «Audio» អ្នកប្រើប្រាស់គ្រាន់តែចូលទៅកាន់កន្លែង Facebook Watch ឬ Watch ពេលនោះអ្នកនឹងបានឃើញ Tab មួយដែលមានឈ្មោះថា «Audio» ដែលវាចែកដាក់ពីមុខងារ Music។

គួរបញ្ជាក់ផងដែរថា Facebook ធ្លាប់បានប្រកាសថាខ្លួនគឺរក្សាគោលជំហរក្នុងការផ្សារភ្ជាប់ទំនាក់ទំនងមនុស្សនៅទូទាំងពិភពលោកតាមរយ: បណ្ដាញសង្គមរបស់ខ្លួន និងព្យាយាមធ្វើឱ្យការរស់នៅរបស់អ្នកប្រើប្រាស់គ្រប់គ្នាកាន់តែប្រសើរឡើងផងដែរ៕