(ភ្នំពេញ)៖ ECAM Lasalle បានបើកថ្នាក់អនុបណ្ឌិតផ្នែកវិស្វកម្មផលិតកម្ម ប្រកបដោយនិរន្តរភាពដំបូងគេនៅកម្ពុជា ដោយសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។ នេះគឺជាថ្នាក់វិស្វកម្មជាភាសាបារាំងដំបូងគេនៅកម្ពុជា ដែលមានគុណភាពលំដាប់ «វិទ្យាស្ថានឧត្តមសិក្សាបារាំង»។ ឆ្នាំសិក្សាទី១ នៃកម្មវិធីសិក្សាផ្នែកវិស្វកម្មរបស់ ECAM LaSalle - ITC ចាប់ផ្ដើមជាផ្លូវការនៅចាប់ពីខែតុលា ឆ្នាំ២០២១នេះតទៅ នៅរាជធានីភ្នំពេញ។

ពិធីបើកដំណើរការជាផ្លូវការ បានប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែតុលា នៅក្នុងបរិវេណវិទ្យាស្ថាន ITC ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមន្ត្រីតំណាងឯកអគ្គរដ្ឋទូតបារាំង លោក Fabrice Etienne និងវត្តមានលោក Didier Desplanche នាយកផ្នែកគ្រប់គ្រងនៅ ECAM Lasalle លោកបណ្ឌិត អ៊ុម រម្យណី អគ្គនាយកវិទ្យាស្ថាន ITC លោក សៀង ផេន នាយកផ្នែកកិច្ចការអន្តរជាតិនៃវិទ្យាស្ថាន ITC រួមទាំងសាស្ត្រាចារ្យ និស្សិតឆ្នាំទី១ ជំនាន់ទីមួយ និងមន្ត្រីតំណាងជាច្រើនរូបទៀតមកពីកម្ពុជា និងបារាំង។

កម្មវិធីសិក្សានេះ នឹងចេញសញ្ញាបត្រពីរ គឺ ECAM Engineering និងអនុបណ្ឌិតពីវិទ្យាស្ថាន ITC។ កម្មវិធីសិក្សាដែលគាំទ្រគោលការណ៍អភិវឌ្ឍឧស្សាហកម្ម (IDP) របស់ក្រសួងឧស្សាហកម្ម ក៏នឹងជួយតម្រែតម្រង់ផ្លូវសម្រាប់អនាគតនៃបដិវត្តន៍ឧស្សាហកម្មទី ៤ នៅកម្ពុជាផងដែរ។

លោក Didier Desplanche នាយកផ្នែកគ្រប់គ្រងនៅ ECAM Lasalle បានថ្លែងថា «នេះជាសមិទ្ធផលដ៏សំខាន់សម្រាប់ ECAM Lasalle ក្នុងការអភិវឌ្ឍលក្ខណៈអន្តរជាតិ។ ECAM មានចក្ខុវិស័យជួយធ្វើឱ្យពិភពលោកកាន់ តែមានមនុស្សធម៌ មានទំនួលខុសត្រូវ និងមាននិរន្តរភាពតាមរយៈការអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា»

លោកបន្ដថា «យើងមានមោទនភាពក្រៃលែង ក្នុងការផ្សព្វផ្សាយចក្ខុវិស័យរបស់យើង នៅកម្ពុជា ដែលជាការអភិវឌ្ឍលក្ខណៈអន្តរជាតិ ក្រៅពីប្រទេសបារាំងជាលើកទីមួយ។ យើងមានគោលដៅឈោងចាប់កិច្ចសហការប្រភេទនេះ និងរួមចំណែកអភិវឌ្ឍពិភព អប់រំវិទ្យាសាស្ត្រ និងការអភិវឌ្ឍបុគ្គលិកលក្ខណៈក្នុងប្រទេសផ្សេងទៀត ដោយជួយយុវជនវ័យក្មេងឱ្យត្រៀមខ្លួន សម្រាប់ពិភពលោកជំនាន់ក្រោយ»

ជាមួយគ្នានេះ លោក សៀង ផេន នាយកផ្នែកកិច្ចការអន្តរជាតិនៃវិទ្យាស្ថាន ITC បានថ្លែងថា កម្មវិធីអប់រំអន្តរជាតិទ្រង់ទ្រាយធំនេះ ពិតប្រាកដស័ក្តិសម ដើម្បីឱ្យការបណ្ដុះបណ្ដាលធនធានមនុស្សដែលមានគុណភាព បំពេញតាមតម្រូវការរបស់ទីផ្សារសេរីក្នុងប្រទេសយើង ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម។ ក្រុមហ៊ុនទាំងនេះ ជាសសរស្ដម្ភសម្រាប់ទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តរភាព ជាក់ស្ដែងមានឥទ្ធិពលលើគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលនឹងជួយឱ្យកម្ពុជានេះ ក្លាយជាប្រទេសមានប្រាក់ចំណូលបង្គួរនៅឆ្នាំ២០៣០ និងមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

ដើម្បីសម្រេចគោលដៅនេះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាលាវិស្វកម្ម Ecam LaSalle បានព្រមព្រៀងបង្កើតឱ្យមានក្នុងស្រុក នូវកម្មវិធីអន្តរជាតិពិសេសមួយនៅវិទ្យាស្ថាន ITC ដែលជាកម្មវិធីដំបូងគេក្នុងប្រភេទនេះ ដែល ECAM ចង់ពង្រីកទៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ កម្មវិធីសិក្សាអន្តរជាតិនេះ បើកថ្នាក់អនុបណ្ឌិតតែពីរជម្រើសប៉ុណ្ណោះ គឺ៖ រ៉ូបូត និងស្វ័យប្រវត្តិកម្ម និង ការគ្រប់គ្រងខ្សែចង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្ម។ ជំនាន់ទីមួយ បានចាប់ផ្ដើមនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ដោយមាននិស្សិត ១៦នាក់ ហើយក្នុងចំណោមនោះមាន ៣នាក់មកពីបារាំង និងម្នាក់មកពីអេហ្ស៊ីប។ កម្មវិធីនេះមានរយៈពេល ៣ឆ្នាំនេះ នឹងបើកថ្នាក់សញ្ញាបត្រពីរ គឺអនុបណ្ឌិតពី ECAM Engineering និងអនុបណ្ឌិតពីវិទ្យាស្ថាន ITC។

ECAM Lasalle បានបង្កើតឡើងនៅឆ្នាំ១៩០០ ត្រូវបានទទួលស្គាល់ថា ជាសាលាវិស្វកម្មកម្រិត ក្រោយឧត្តមសិក្សាល្អបំផុតមួយនៅប្រទេសបារាំង (សាលាវិស្វកម្មឯកជនជាប់លេខ ២ ក្នុងឆ្នាំ២០២០ ដែលចាត់ថ្នាក់ដោយ L’Etudiant)។ សាលានេះ ជាផ្នែកមួយនៃកម្មវិធីសិក្សារបស់វិទ្យាស្ថានឧត្តមសិក្សា (Grandes Ecoles)៕