(ពិភពលោក)៖ ជាធម្មតាគ្រប់ភាវៈមានជីវិតលើលោកយើងនេះ គឺសុទ្ធតែកំណត់មកថាត្រូវកើត ចាស់ ឈឺ និងត្រូវស្លាប់ទៅវិញ មិនថាមនុស្ស សត្វ រុក្ខជាតិ ឬក៏ពពួកមីក្រូសារពាង្គកាយណាក៏ដោយ គឺសុទ្ធតែស្ថិតក្នុងសង្សារវដ្ដនេះដូចគ្នា ប៉ុន្តែហេតុអ្វីនៅតែមានភាវៈអ្វីមួយនោះ បែរជាមានជីវិតអមតៈខុសគេទៅវិញ។

ប្រការនេះក៏ជារឿងដែលមនុស្សយើងគួរពិចារណាឱ្យបានល្អិតល្អន់ ព្រោះដូចដឹងស្រាប់ហើយថា «មនុស្ស» ដែលជាភាវៈមានញាណខ្ពង់ខ្ពស់ឧត្តមជាងគេនេះ តែងតែខិតខំរិះរកវិធីធ្វើឱ្យខ្លួនឯងមានអាយុវែង ឬរហូតដល់មានមនុស្សមួយចំនួន បានព្យាយាមស្វែងរកថ្នាំជីវិតអមតៈ សម្រាប់ធ្វើឱ្យខ្លួនឯងរស់នៅបានយូរអង្វែងផងដែរ។

តាមការបង្ហាញរបស់អ្នកវិទ្យាសាស្ត្របានឱ្យដឹងថា ពពួកខ្ញែរសមុទ្រធួររីថប់ស៉ីស នុតទ្រីឃួលឡា (Turritopsis nutricula) គឺជាភាវសមុទ្រដែលមានជីវិតអមតៈ ដោយវាមានជីវិតរស់នៅតាំងពីកំលុងពេលកកើតជីវិតដំបូង នៅលើផែនដីកាលពីជាង ៥០០លានឆ្នាំមុនមកម្ល៉េះ។

អ្នកវិទ្យាសាស្រ្តបានពន្យល់ថា ធួររីថប់ស៉ីស នុតទ្រីឃួលឡា គឺមានរូបរាងដូចជាខ្ញែរសមុទ្រតូចៗធម្មតាដែរ ដែលមានទ្រង់ទ្រាយដូចជាកណ្ដឹងប្រវែង ៥មីលីម៉ែត្រ ឡោមព័ទ្ធដោយពុកមាត់ពិសមិនតិចជាង ៨០សរសៃ រីឯដងខ្លួនរបស់វាមានសភាពថ្លា អាចមើលឃើញឆ្លុះដល់ក្នុងពោះដែលមានពណ៌ក្រហមភ្លឺ។

វាស៉ីសត្វផ្សេងៗជាអាហារ ដោយប្រើពុកមាត់បញ្ចេញពិសដាក់ឱ្យស្រងល់ ហើយកៀរបញ្ចូលក្នុងមាត់។ មាត់របស់វានេះទៀតសោត ក៏ប្រើជាទ្វារធំបញ្ចេញលាមកផងដែរ ចំណែកឯខ្ញែរសមុទ្រញី ក៏ភ្ញាស់ពងតាមទ្វារធំនេះដែរ ក្រោយពីខ្ញែរសមុទ្រឈ្មោលបាញ់ស្ពើមចូល។

ពងដែលបង្កាត់ពូជរួច នឹងអណ្ដែតទៅជាប់នឹងថ្មក្រោមបាតសមុទ្រ ហើយលូតលាស់ទៅជាផូលីព (Polyp) ដែលមើលទៅស្រដៀងនឹងកូនផ្កាសមុទ្រ។ ក្រោយមក ផូលីពនឹងបែកខ្នែងប្រែក្លាយជាខ្ញែរសមុទ្រពេញវ័យ ហើយដំណើរការបន្តពូជទាំងអស់ នឹងចាប់ផ្ដើមជាថ្មីម្ដងទៀតតាមលំនាំដូចគ្នានេះ។

ខ្ញែរសមុទ្រអមតៈពេញវ័យដែលបន្តពូជរួច ពួកវាមិនងាប់នោះទេ វានឹងប្ដូរខ្លួនទៅជាផូលីពម្ដងទៀត ដោយពុកមាត់របស់វានឹងរួញទៅវិញ រាង្គកាយរបស់វាក៏រួញដែរ ហើយធ្លាក់ទៅបាតមហាសមុទ្រ ដើម្បីផ្ដើមដំណើរជីវិតជាថ្មីម្ដងទៀត។ កោសិកាដែលធំពេញវ័យរបស់ពួកវា នឹងរលាយទៅជារូបបែបដើម។ ទីបំផុត ពួកវានឹងត្រលប់ទៅជាក្មេងខ្ចីម្ដងទៀត ហើយវានៅតែរស់នៅបែបនេះម្ដងហើយម្ដងទៀត។

ការបន្តពូជដោយបំបែកខ្នែងដូចខ្ញែរសមុទ្រនេះ កើតមានក្នុងភាវៈមានជីវិតរាប់ពាន់ប្រភេទ ហើយរយៈពេលជាង ៥០០លានឆ្នាំកន្លងមកនេះ ស្ទើរតែគ្មានការផ្លាស់ប្ដូរឡើយ។ ប៉ុន្តែអ្វីដែលធ្វើឱ្យខ្ញែរសមុទ្រមានភាពអមតៈពិសេសជាងគេនោះ គឺវាមានការវិវត្តជាដរាប ដែលគ្មានភាវៈមានជីវិតណាអាចប្រៀបធៀបបានឡើយ។

ប្រភពរស់នៅរបស់ខ្ញែរសមុទ្រអមតៈនេះ ត្រូវបានគេរកឃើញថាមានច្រើននៅសមុទ្រការីបៀន ទ្វីបអាមេរិកកណ្ដាល។ ប៉ុន្តែវាមិនមែនជាអាហារ សម្រាប់មនុស្សយកមកបរិភោគ ដើម្បីបង្កើនអាយុ ឬសម្រាប់ធ្វើឱ្យជីវិតអមតៈនោះទេ។

ប៉ុន្តែទោះជាយ៉ាងណា ខ្ញែរសមុទ្រមួយចំនួន ទាំងញី ទាំងឈ្មោល ក៏តែងមានជំងឺស្លាប់កើតលើពួកវាផងដែរ ចំណែកខ្ញែរសមុទ្ររស់ ក៏នៅតែមានជីវិតរស់នៅរហូតមក។ ប៉ុន្តែទោះបីយ៉ាងនេះក្ដី គឺក៏នៅមិនទាន់ដឹងថា អនាគតរបស់ភាវអមតៈនេះនឹងទៅជាយ៉ាងណានោះឡើយ៕