(សៀមរាប)៖ ក្រុមការងារអភិរក្សក្រៅឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមដំណើរការសាងសង់ស្ពានថ្មីជំនួសស្ពានចាស់នៅតំបន់រមណីយដ្ឋានក្បាលស្ពានឱ្យប្រសើរឡើងវិញ។

លោក ពុទ្ធ សុទ្ធ មន្ត្រីជំនាញនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ ឱ្យដឹងថា ស្ពានឈើចាស់នៅរមណីយដ្ឋានក្បាលស្ពាន បានរងនូវការខូចខាត ចាស់ទ្រុឌទ្រោម ដោយអាកាសធាតុ និងអាយុកាល។ ការសាងសង់ស្ពានថ្មីនេះ មានទំហំទទឹង២.៤ម៉ែត្រ បណ្ដោយប្រវែង១២ម៉ែត្រ ធ្វើពីបេតុងក្រាលក្តារ។

ដំណើរការសាងសង់ស្ពានចាប់ដំណើរការពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ គ្រោងនឹងបញ្ចប់នៅពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ៕