(ភ្នំពេញ)៖ តារាចម្រៀងបែបយុវវ័យប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ កំពុងជួបទុក្ខធំ ព្រោះតែឪពុកបង្កើត ដែលលោកបានខិតខំមើលថែទំនុកបំរុងថ្នាំសង្កូវ ព្យាយាមព្យាបាលអស់ពីលទ្ធភាពនោះ បានទទួលមរណភាពនៅព្រឹកមិញនេះ ដោយសារជំងឺលើសឈាម និងដាច់សរសៃឈាមខួរក្បាល ពោលគឺក្លាយជាមនុស្សដេកស្ដូកស្ដឹងជាប់នឹងគ្រែ មិនអាចកម្រើកបាន អស់រយៈពេលជាង៣ឆ្នាំមកហើយ។

លោក ហេង ឡុង បានបញ្ជាក់ប្រាប់ Frseh News Plus នៅមុននេះបន្តិចថា ថា ឪពុកបង្កើតរបស់តារាចម្រៀង ករុណា ពេជ្រ ពិតជាបានទទួលមរណភាពនៅព្រឹកនេះមែន ខណៈព័ត៌មានលំអិតបន្ថែម លោកមិនទាន់អាចជម្រាបជូនបាននៅឡើយទេ ព្រោះលោកកំពុងជាប់ប្រជុំ។

ទន្ទឹមគ្នានេះ បើតាមគណនីហ្វេបប៊ុកផ្លូវការរបស់លោក ករុណា ពេជ្រ ផ្ទាល់ក៏បានបង្ហោះសារបញ្ជាក់ពីការទទួលមរណភាពរបស់ឪពុកលោក នៅប៉ុន្មានម៉ោងមុននេះ ដោយបានសរសេរសារថា «ប៉ាខ្ញុំទៅចោលខ្ញុំហើយ សូមប៉ា ទៅអោយសុខ។ បើមានជាតិក្រោយ កូនសុំកើតជាកូនប៉ាទៀត ហើយស្ថិតក្នុងគ្រួសារមួយ ដែលពោរពេញដោយសុភមង្គល ណាប៉ាណា…»

គួរជម្រាបថា លោកករុណា ពេជ្រ បានជួបនូវក្ដីលំបាកក្រៀមក្រំ រយៈពេលជាង៣ឆ្នាំមកហើយ ព្រោះតែឪពុករបស់លោក មានជំងឺលើសឈាម និងដាច់សសៃក្នុងខួក្បាល បណ្ដាលឲ្យគាត់ក្លាយទៅជាមនុស្សរុក្ខជាតិ ហើយលោក ករុណា ពេជ្រ បានចំណាយថវិកាព្យាបាលអស់ ដល់ទៅជាង២០ម៉ឺនដុល្លារទៅហើយ នៅតែមិនអាចជាសះស្បើយ ឬប្រសើរឡើងវិញ។

ទីបំផុត នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ឪពុករបស់លោក ក៏បានទទួលមរណភាព និងមានមិត្តសិល្បៈរួមអាជីពជាបន្តបន្ទាប់ បានសម្តែងការចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារលោក ករុណា ពេជ្រ ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់យ៉ាងធំធេងក្នុងគ្រួសារ៕