(បាសេឡូណា)៖ កីឡដ្ឋាន Camp Nou របស់ក្លិបបាល់ទាត់ FC Barcelona នឹងបើកឲ្យមានមនុស្សចូលទស្សនាម្តងទៀត ១០០% នាពេលឆាប់ៗនេះហើយ។ នេះបើតាមគេផ្សាយដោយគេហទំព័ររបស់ក្លិបនៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១។

ប្រភពដដែលបានបញ្ជាក់ថា ក្រោយពីចំណាយពេល ១ឆ្នាំកន្លះ ដោយមានការប្រកួតតែគ្មានអ្នកទស្សនា ក៏ដូចជាការប្រកួតដែលមានការរឹតបន្តឹងនោះ កីឡដ្ឋានរបស់ Barça បានត្រៀមខ្លួនរួចរាល់ឡើងវិញហើយ។ រដ្ឋាភិបាល Catalonia បានបញ្ជាក់ព័ត៌មានខាងលើនៅថ្ងៃអង្គារដែលមានន័យថា ចាប់ពីថ្ងៃសុក្រ ទី១៥ ខែតុលាខាងមុខនេះតទៅ នឹងគ្មានការដាក់កំហិតបន្ថែមលើចំនួនអ្នកទស្សនានៅក្នុងព្រឹត្តិការណ៍កីឡាក្នុងតំបន់ Catalonia ទៀតឡើយ។

ប្រការនេះក៏មានន័យថា អ្វីៗគ្រប់យ៉ាងនឹងត្រឡប់ទៅធម្មតាវិញនៅកីឡដ្ឋាន Camp Nou សម្រាប់អ្នកគាំទ្រ ដើម្បីមើលការប្រកួតពេលក្លិបប៉ះជាមួយ Valencia នៅថ្ងៃអាទិត្យ ទី១៧ ខែតុលាខាងមុខនេះ។ កីឡដ្ឋាន ក៏នឹងទទួលការប្រកួតដ៏ធំចំនួន ២ទៀតគឺ ពានរង្វាន់ Champions League ជាមួយ Dynamo Kyiv នៅថ្ងៃអង្គារសប្តាហ៍ក្រោយ និងបន្ទាប់មកទៀត គឺការប្រកួត El Clásico ជាមួយ Real Madrid នៅថ្ងៃអាទិត្យផងដែរ៕