(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានសម្រេចបង្កើតគណៈកម្មការ ដើម្បីរៀបចំការប្រកួតកីឡាទូកក្ដោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ ដែលដឹកនាំដោយលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC។

រដ្ឋមន្ដ្រី ថោង ខុន បានថ្លែងថា តួនាទី និងភារកិច្ចនៃគណៈកម្មការខាងលើ គឺជាសេនាធិការឲ្យគណៈកម្មការធិការជាតិ CAMSOC និងទទួលខុសត្រូវរៀបចំក្នុងនាមម្ចាស់ផ្ទះការប្រកួតកីឡាទូកក្ដោងជើងឯកអាស៊ាន ទាំងបច្ចេកទេស ការស្នាក់នៅ-ហូបចុក សន្ដិសុខសណ្ដាប់ធ្នាប់ និងផ្សព្វផ្សាយជាដើម។ ដោយហេតុនេះលោកបានជំរុញគណៈកម្មការជំនាញនីមួយៗត្រូវអនុវត្តតួនាទី និងភារកិច្ចឲ្យមានប្រសិទ្ធភាព ដើម្បីទទួលបានជោគជ័យ ក្នុងព្រឹត្តិការណ៍ងន្ដរជាតិនេះ។

ដូចគ្នានោះដែរលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មការរៀបចំការប្រកួតកីឡាទូកក្ដោងជ្រើសរើសជើងឯកអាស៊ាន ឆ្នាំ២០២១ នេះបានគូសបញ្ជាក់ថា គោលដៅចម្បង នៃការទទួលធ្វើម្ចាស់ផ្ទះកីឡាទូកក្តោងថ្នាក់តំបន់ចុងឆ្នាំនេះ គឺដើម្បីសម្រួចគុណផល និងបច្ចេកទេសកីឡាឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ហើយក៏ជាកិត្តិយស និងកិត្យានុភាពជាតិ ក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រចាំតំបន់នេះផងដែរ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា «តាមគោលការណ៍សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិ CAMSOC បានដាក់គោលដៅនៃការរៀបចំប្រកួតកីឡាទូកក្ដោងអន្តរជាតិនៅអាស៊ីអាគ្នេយ៍នេះជាចលនា ឬក៏ជាព្រឹតិ្តការណ៍មួយ ដើម្បីបំផុសដំណើរការឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ លើគោលការណ៍នេះ យើងត្រូវបានគណៈកម្មការរៀបចំការប្រកួតរៀបចំឲ្យកាន់តែច្បាស់លាស់ក្នុងការតួនាទី ភារៈកិច្ចនៃគណៈកម្មការជំនាញនីមួយៗ»

សម្រាប់សមាសភាពថ្នាក់ដឹកនាំគណៈកម្មការរៀបចំព្រឹត្តិការណ៍ទូកក្ដោងអាស៊ានខាងលើ គឺមានលោកបណ្ឌិត ថោង ខុន ជាប្រធាន, លោក វ៉ាត់ ចំរើន ជាអនុប្រធានអចិន្ដ្រៃយ៍ រួមជាមួយអនុប្រធាន ៣រូបទៀត គឺមានលោក ឈន សុភាព, លោក ថោង រដ្ឋសក្ដិ និងលោក ម៉ាង ស៊ីណេត។ រីឯសមាជិកគណៈកម្មការមាន ៦រូប រួមមានលោក អ៊ុក សិទ្ធិជាតិ, លោក គៀត ច័ន្ទថារិទ្ធ, លោក ហ៊ឹម យ៉ាន, លោក អ៊ុក សីហា និងលោក សោម សុទ្ធរិទ្ធិពង្ស។ ក្នុងនោះក៏មានការបែងចែកគណៈកម្មការជំនាញចំនួន ៦ផ្សេងទៀតដែរ។

សូមបញ្ជាក់ថា ការប្រកួតកីឡាទូកក្ដោងជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ គ្រោងរៀបចំពីថ្ងៃទី១២-១៧ ខែធ្នូខាងមុខ នៅខេត្តព្រះសីហនុ ក្រោមកិច្ចសហការរៀបចំរវាងសហព័ន្ធកីឡាទូកក្ដោងកម្ពុជា និងសិង្ហបុរី បន្ទាប់ពីមានការស្នើសុំរាជរដ្ឋាភិបាលរបស់ប្រមុខថ្នាក់ដឹកនាំ CAMSOC គឺសម្ដេចពិជ័យសេនា ទៀ បាញ់ នឹងទទួលបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ ព្រឹត្តិការណ៍នេះ គ្រោងមានការចូលរួមពីកីឡាករ ១៥០នាក់ មកពី ៧ប្រទេស៕