(អាមេរិក)៖ ប្រធានប្រតិបត្តិការសកលរបស់ក្រុមហ៊ុន Hyundai Motor បានថ្លែងឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូងមួយនេះ គ្រោង នឹង អភិវឌ្ឍន៍បន្ទះឈីបដោយខ្លួនដើម្បីកាត់បន្ថយបញ្ហាកង្វះបន្ទះឈីបជាសកល និងដើម្បីកាត់បន្ថយការពឹងផ្នែកលើក្រុមហ៊ុនផលិតឈីប។ នេះ បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។

ការខ្វះខាតបន្ទះឈីបជាសកលបានដែលបង្កឡើងដោយសារមានតម្រូវការខ្ពស់សម្រាប់កុំព្យូទ័រយួរដៃ និងផលិតផលអេឡិចត្រូនិកដទៃទៀត បានជះឥទ្ធិពលដល់សង្វាក់ផលិតកម្មរថយន្តមួយចំនួនធំនៅទូទាំងពិភពលោកក្នុងឆ្នាំនេះ ហើយនៅពេលនេះក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ក៏ដូចជា រដ្ឋាភិបាលនៃប្រទេសមហាអំណាចសេដ្ឋកិច្ចយក្សបាននិងកំពុងតែរកវិធីដោះស្រាយ។

លោក Jose Munoz ប្រធានប្រតិបត្តិការសកលរបស់ក្រុមហ៊ុន Hyundai Motor បានបញ្ជាក់ថា Hyundai គឺជាក្រុមហ៊ុនមួយដែលបាន ជួប បញ្ហា កង្វះខាងបន្ទះឈីប ក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តដទៃទៀត ហើយពេលវេលាដែល Hyundai ជួបបញ្ហាអាក្រក់បំផុតនោះគឺអំឡុងចន្លោះ ខែ «សីហា និងកញ្ញា» ប៉ុន្តែនៅពេលនេះពពកខ្មៅបានរសាយផុតហើយ ខណៈដែលសង្វាក់ផលិតកម្មរបស់ Hyundai បានចាប់ផ្ដើមដំណើរការ ឡើង វិញ ខ្លះៗ បន្ទាប់ពីមានរោងចក្រមួយចំនួនត្រូវបានបិទទ្វារ។

លោក Jose Munoz បានបន្ថែមទៀតថា បញ្ហាកង្វះខាតបន្ទះឈីបនេះគឺជាបញ្ហាធំ និងអាក្រក់បំផុត ប៉ុន្តែនៅពេលនេះវាបានចាប់ផ្ដើម ត្រឡប់ មក រក ភាពល្អប្រសើរឡើងវិញបន្តិចម្ដងៗហើយ ខណៈដែល Intel បាននិងកំពុងតែចំណាយប្រាក់យ៉ាងច្រើនសន្ធឹកដើម្បីពង្រីកសមត្ថភាពក្នុងការ ផលិតបន្ទះឈីប។

បើទោះបីជាក្រុមហ៊ុនផលិតបន្ទះឈីបដូចជា Intel បាននិងកំពុងតែដោះស្រាយបញ្ហានេះក្ដី ក៏ Hyundai ចង់អភិវឌ្ឍន៍បន្ទះឈីបដោយខ្លួនឯង ដើម្បី ទប់ស្កាត់ហានិភ័យដែលបានកើងឡើងដូចឆ្នាំនេះ និងមួយវិញទៀតគឺដើម្បីកាត់បន្ថយការពឹងផ្នែកទៅលើក្រុមហ៊ុនដទៃ។ នេះជាអ្វីដែលលោក ប្រធានប្រតិបត្តិការសកលរបស់ក្រុមហ៊ុន Hyundai បាននិយាយបន្ថែម។

លោក Jose Munoz បានបញ្ជាក់ បន្ថែមទៀតថា «យើងអាចនឹងចំណាយការវិនិយោគ និងពេលវេលាច្រើន ប៉ុន្តែគ្រប់យ៉ាងវានឹងដំណើរការល្អ និងទៅមុខដោយរលូន»

គួរបញ្ជាក់ផងដែរថា នៅក្នុងបរិបទថ្មីនៃសម័យកាលកូវីដ១៩ និងការខ្វះខាតបន្ទះឈីបជាសលនេះ គឺមានតែក្រុមហ៊ុន Hyundai, Tesla និង Toyota ប៉ុណ្ណោះក្នុងចំណោះក្រុមហ៊ុនផលិតរថយន្តដែលអាចបង្កើតការលក់ ប៉ុន្តែក្នុងកម្រិតមួយទាប៕